រាជធានីភ្នំពេញ ៖ ដោយមានការយល់ច្រឡំរបស់មហាជន និង មិនមែនជាពាក្យដែលមានក្នុងវចនានុក្រម និងដើម្បីចូលរួមយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំផងនោះ ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសមួយ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ នេះអំពីការកំណត់ការហៅ <<ទុកទុក>> មកជា រឺុម៉ក វិញ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានអោយដឹងថា ៖ ក្រសួងទេសចរណ៍សូមជូនដំណឹងដល់សាធារណជន និងទេសចរជាតិ អន្តរជាតិទាំងអស់អោយបានជ្រាប់ថា ៖ បច្ចុប្បន្នមានការកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៃទេសចរជាតិ និងអន្តរជាតិ ហើយប្រភេទសេវាកម្មទេសចរណ៍មួយចំនួនកំពុងមានការពេញនិយមសំរាប់ភ្ញៀវផងដែរ។ ទន្ទឹមនិងនេះយើងបានកត់សម្គាល់ឃើញថាសាធារណជនមួយចំនួនកំពុងមានការយល់ច្រឡំដោយប្រើពាក្យ “ទុកទុក” (Tuk Tuk) ចំពោះមធ្យោបាយដឹកជញ្ជូនជាលក្ខណះរ៉ឺម៉ក។ ដើម្បីរក្សានូវពាក្យដែលយើងធ្លាប់ប្រើប្រាស់ជាយូរយារមកហើយ យើងត្រូវនាំគ្នាប្រើពាក្យ “រ៉ឺម៉ក” ជំនួសពាក្យ “ទុកទុក” វិញជាប្រការល្អជាង។
អាស្រ័យដូចបានជំរាបជូនខាងលើ ក្រសួងទេសចរណ៍សូមសំណូមពរដល់សាធារណជន និងទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជួយផ្សព្វផ្សាយដើម្បីលើកតម្កើងការប្រើប្រាស់ពាក្យ ” រ៉ឺម៉ក ” ៕
ដោយ ៖ Sing Ly