តារាចម្រៀងជាច្រើនបានផ្លាស់ប្ដូរផលិតកម្មជាបន្តបន្ទាប់ដើម្បីទីផ្សារចម្រៀងរបស់ខ្លួន តែតារាចម្រៀងមួយចំនួនតាំងពីប្រលូកក្នុងវិស័យចម្រៀងមក មិនដែលផ្លាស់ប្ដូរផលិតកម្មទាល់តែសោះ ដោយស្មោះស្ម័គ្រនឹងទ្រនំរបស់ខ្លួនខ្លាំងណាស់។ តារាចម្រៀងទាំងនោះ រួមមាន៖
១. ព្រាប សុវត្ថិ

តាំងពីចូលច្រៀងនៅផលិតកម្មហង្សមាសដំបូងក្នុងឆ្នាំ១៩៩៧ រហូតមកទល់ពេលនេះ តារាចម្រៀងកូន៣ មិនធ្លាប់ផ្លាស់ប្តូរផលិតកម្មម្ដងណានោះឡើយ។ កាលពីប្រមាណ៤ឆ្នាំមុន ធ្លាប់មានព័ត័មានរំជើបរំជួលថា តារាកំពូលរូបនេះគ្រោងដើរចេញពីហង្សាមាសទៅថោន។ តែទីបំផុត ម្ចាាស់បទ “ខ្លុយស្នេហ៍ត្នោតទេរ” សម្រេចមិនចាកចោលទ្រនំរបស់ខ្លួនដែលបានសាងកេរ្តិ៍ឈ្មោះអស់ជាច្រើនឆ្នាំឡើយ។
២. មាស សាលី

គិតមកទល់ពេលនេះ ម្ចាស់បទ “អង្គរក្សបេះដូង” បានជ្រកក្រោមផលិតកម្មសាន់ដេ ប្រមាណជាង១០ឆ្នាំមកហើយ។ បើទោះបទចម្រៀងរបស់លោកស្ងប់ស្ងាត់មួយរយៈធំ និងធ្លាប់លេចឮថា តារាវ័យ៣៦ឆ្នាំធ្លាប់អាក់អន់ចិត្តនឹងផលិតកម្មក៏ដោយ តែលោក មាស សាលី ប្រាប់ថា មិនចាកចោលពីផលិតកម្មសាន់ដេ នោះទេ។
៣. ពេជ្រ សោភា

ប្រលូកក្នុងវិស័យចម្រៀងដំបូងនៅចុងឆ្នាំ ២០០៤ ក្នុងផលិតកម្មហង្សមាសជាមួយបទល្បី Better Day។ បើទោះកន្លងមក តារាចម្រៀងមកពីខេត្តព្រៃវែងរូបនេះ ធ្លាប់ធ្វើឲ្យទស្សនិកជនជនភ្ញាក់ផ្អើលនឹងដំណឹងចង់ចាកចេញពីផលិតកម្មធំនេះ តែក្រោយមកអ្នកនាងបានបង្ហោះសារក្នុង Faceboook យ៉ាងច្បាស់លាស់ថា “កន្លែងចាស់មិនមែនជាស្ពាននោះទេ តែជាកន្លែងដែលខ្ញុំត្រូវនៅរហូត”។
៤. ខេម

តារាចម្រៀងសំឡេងស្អករូបនេះនៅទ្រនំ ថោន ប្រមាណ៧ឆ្នាំមកហើយតាំងពីចូលសិល្បៈមក។ តារារូបនេះត្រូវបានផលិតកម្មហង្សមាសចែចូវ តែម្ចាស់បទ «ទឹកភ្នែកជនពាល» ប្រាប់ថាមានអនុស្សាវរីយ៍ច្រើនជាមួយ ថោន ដូច្នេះហើយខ្លួនមិនទាន់គិតគូរចង់ផ្លាស់ប្ដូរផលិតកម្មនោះទេ។
៥. ណុប បាយ៉ារិទ្ធ

តារាចម្រៀងសាច់ស្អាតរូបនេះបានក្រាញននៀលនៅហង្សមាសអស់រយៈពេលច្រើនឆ្នាំមកហើយ។ កាលពីអំឡុងឆ្នាំ២០០៨ ពេលនោះតារាចម្រៀងកើតឆ្នាំ១៩៨១ មានភាពស្ងប់ស្ងាត់ក្នុងការចេញបទចម្រៀង និងថែមទាំងមានលេចឮថាចង់ចាកចេញពីហង្សមាសថែមទៀតផង។ តែរហូតមកដល់ពេលនេះ លោកនៅតែស្មោះស្ម័គ្រនឹងហង្សមាស និងថែមទាំងបានអូសទាញតារាចម្រៀង នីកូ ជាប្អូនប្រុសមករួមផលិតកម្មជាមួយគ្នាទៀតផង៕
ប្រភពវីដេអូ ៖ ៣០ដេលី