កម្ពុជាអំពាវនាវរកជំនួយកាគាំទ្រ ការប្រែប្រួលអាកាសធាតុ…

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ខ្លាំងឱ្យចូលរួមផ្តល់ថវិកាគាំទ្រសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ ។

ថ្លែងក្នុងសន្និសីទស្តីពី«ការធ្វើសមាហរណកម្មផែនការនៃការចូលរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុញ្ញាតក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ» ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាត្រូវការទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អនុវត្តនៅក្នុងគម្រោងបន្ស៊ាំការប្រែប្រួលអាកាសធាតុ កម្មវិធីអប់រំ បណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងដែលឈានទៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនៅតែត្រូវការដៃគូដើម្បីបង្កើនការគាំទ្រដល់ផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

លោក និក បេរិសហ្វត(Nick Beresford) នាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានបង្ហាញពីជំហរចូលរួមផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញប្បទាន ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងពន្លឿនវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ អំពីម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ធ្លាក់ចុះបើសិនជាគ្មានការទប់ស្កាត់ទាន់ពេលវេលា៕