ដំណឹង​ល្អ : សមាជិក ​BTOB ​ទាំង​អស់​យល់​ព្រម​បន្ត​កិច្ចសន្យា​ជា​មួយ​ផលិត​កម្មCube Entertainment

កាលពី​ពេល​ថ្មីៗ​នេះ សារពត័​មាន​ក្នុង​ប្រទេស​កូរ៉េ​បាន​ផ្សាយ​ថា ក្រុម​តារា​ចម្រៀង​បុរស BTOB បាន​យល់​ព្រម​បន្ត​កិច្ចសន្យា​របស់​ពួក​គេជា​មួយ​ផលិត​កម្ម Cube Entertainment ។ គួរ​បញ្ជាក់​ផង​ដែរ​ថា BTOB គឺជា​ក្រុម​ចម្រៀង​បុរស​មាន​សមាជិក​៧​នាក់ ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១២ ហើយ​បាន​ទទួល​ភាពជោគ​ជ័យ​ក្នុង​វិស័យ K-Pop រយៈ​ពេល ៦ ឆ្នាំ​ហើយ។ យោង​តាម​របាយការណ៍​របស់​ផលិត​កម្ម Cube Entertainment​ ​បាន​បញ្ជាក់​ថា សមាជិក​ទាំង​អស់​របស់​ក្រុម BTOB បាន​យល់​ព្រម​បន្ត​កិច្ចសន្យា នឹង​នៅ​ជា​មួយ​គ្នា​ហើយ​នេះគឺ​ជាការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​រក្សា​ពាក្យ​សន្យា​ដែល​ពួក​គេ​បាន​សន្យាជា​មួយ​អ្នក​គាំទ្រ​របស់​ពួក​គេ (ថា​ពួក​គេ​នឹង​នៅ​ជា​មួយ​គ្នា​ជារៀង​រហូត) ដែល​នេះ​ជាការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​គេ។ “​សមាជិក BTOB ទាំង​អស់​បាន​យល់​ព្រម​ស្នាក់​នៅ​ជា​មួយ​គ្នា​ជារៀង​រហូត ហើយ​ហេតុ​ផល​ធំ​បំផុត​គឺ​ត្រូវ​រក្សា​ការសន្យា​ដែល​ពួក​គេ​បាន​សន្យាជា​មួយ​អ្នក​គាំទ្រ​” ផលិត​កម្ម Cube Entertainment​បន្ថែម។ សូម​ចូល​រួម​អបអរសាទរ​ដល់​អ្នក​គាំទ្រ BTOB ទាំង​អស់ សំរាប់​ដំណឹង​ល្អ​មួយ​នេះ៕