ភ្នំពេញៈអតីតក្មេងរស់នៅលើគំនរសំរាមនិងរើសសំរាមប្រមាណ៣០នាក់នៅតំបន់ស្ទឹងមានជ័យ បានក្លាយជាបញ្ញវន្ត ក្រោយបញ្ចប់ការសិក្សាឧត្តមសិក្សានៅសាកលវិទ្យាល័យ។ពួកគាត់ត្រូវបានអង្គការមូលនិធិកុមារកម្ពុជា(CambodianChildren’sFund)សង្គ្រោះដំបូងគេពីកន្លែងចាក់សំរាមក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ ២០០៤និង២០០៥។ និស្សិតទាំងអស់នេះបានឆ្លងកាត់កម្មវិធីអប់រំដែលមានសញ្ញាបត្ររបស់អង្គការCCFដែលកម្មវិធីនេះបានគាំទ្រដល់ការសិក្សារបស់ពួកគេក្នុងអំឡុងពេលនៅសាកលវិទ្យាល័យរហូតដល់បញ្ចប់ការសិក្សារ។ នេះគឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់និស្សិតទាំងនេះដែលមកពីកន្លែងដ៏ក្រីក្រជាងគេនៅកម្ពុជា ពួកគេភាគច្រើនមិនបានចូលសាលារៀនឡើយមុនពេលចូលអង្គការ CCF ។

ដើម្បីលើកទឹកចិត្តដល់និស្សិតបញ្ចប់ការសិក្សា អង្គការមូលនិធិកុមារកម្ពុជាកាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨បានរៀបចំពិធីផ្តល់កិត្តិយសនិងផ្តល់លិខិតសរសើរដល់កុមារចំនួន៣០នាក់ដែលពួកគេបានតស៊ូរហូតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនិងទទួលបានសញ្ញាបត្រលើជំនាញរបស់ពួកគេរៀងៗខ្លូន។ ក្នុងចំណោមនិស្សិតទាំងនេះមាននិស្សិតមួយចំនួនជាកុមារដែលត្រូវបានរកឃើញដំបូងគេពេលកំពុងធ្វើការនិងរស់នៅនៅកន្លែងចាក់សំរាមកាលពីឆ្នាំ ២០០៤ និង ២០០៥។ក្នុងចំណោមពួកគេ មានកញ្ញា រួស ស្រីនិច អាយុ ២៤ ឆ្នាំ ដែលនៅកន្លែងចាក់សំរាមកាលពីអាយុ ៨ ឆ្នាំ នៅពេលត្រូវបានលោក Scott Neeson ដែលជាស្ថាបនិករបស់អង្គការ CCF រកឃើញ។

នាងគឺជាកុមារដំបូងគេដែលត្រូវបានអង្គការ CCFទទួលយក។ស្រីនិចបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យន័រតុន។ ចំណែកបងប្អូនស្រី ឱក ណៃហួយ និង ណៃហៀង បានរស់នៅអង្គការ CCF អស់រយៈពេល ១៣ ឆ្នាំក្រោយពីត្រូវបានសង្គ្រោះពីកន្លែងចាក់សំរាម ដែលពួកគេធ្វើការទាំងថ្ងៃទាំងយប់។ ឥឡូវនេះ ពួកគេបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រ។

កញ្ញារួសស្រីនិចបាននិយាយថា«ជីវភាពនៅកន្លែងចាក់សំរាមពិតជាពិបាកណាស់ខ្ញុំគ្មានឱកាសទៅរៀនឡើយ។និយាយតាមត្រង់ការរស់នៅទីនេះដូចរស់នៅក្នុងនរក។ ខ្ញុំបានចាប់ផ្តើមជីវិតរបស់ខ្លួនដ៏លំបាក ព្រោះខ្ញុំកើតក្នុងគ្រួសារដែលមានបញ្ហា»។នាងបានបន្តទៀតថានាងបានពុះពារបញ្ហាប្រឈមជាច្រើនក្នុងជីវិត ហើយអង្គការ CCF បានផ្តល់ការគាំទ្រដល់នាងរហូតមក។ បច្ចុប្បន្ននាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរួចហើយដំណើរនៃជីវិតរបស់នាងនៅអង្គការ CCF បានឈានដល់ទីបញ្ចប់។ ប៉ុន្តែជំពូកថ្មីមួយនៃជីវិតរបស់នាងទើបតែចាប់ផ្តើមប៉ុណ្ណោះ។ នាងថា ប្រសិនបើគ្មានការគាំទ្រពីអង្គការ CCF នាងមិនអាចក្លាយជារូបនាងនៅពេលនេះឡើយ។
ចំណែក កញ្ញា ឱកណៃហួយនិងឱកណៃហៀងដែលជាបងប្អូនបង្កើតនឹងគ្នាត្រូវបានអង្គការCCFបានរើសយកមកចឹញ្ចឹមទាំងពីតូចរហូតមកដល់ពេលនេះឱកណៃហួយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស។
ចំណែកប្អូនស្រីឱកណៃហៀងទទួលបានសញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ចបានថ្លែងដែរថា«ពួកគាត់ធ្វើការយ៉ាងនឿយហត់ដោយរើសសំរាមពីកន្លែងចាក់សំរាមដែលដ៏មានជាតិពុល។ ពួកនាងតែងតែភ្ញាក់តាំងពីម៉ោង៤ទាបភ្លឺនិងរើសសំរាមរហូតដល់ពេលរសៀលទើបត្រឡប់មកផ្ទះវិញដើម្បីហូបអាហារថ្ងៃត្រង់។បន្ទាប់ពីហូបរួចបូកនាងត្រូវត្រឡប់ទៅរើសសំរាមវិញរហូតដល់ពេលយប់ហើយពេលខ្ញុំទៅដេកខ្លួនរបស់ពួកគេធុំក្លិនអាក្រក់ណាស់។ជីវិតពួកគេត្រូវបានកែប្រែនៅពេលពួកគេចូលអង្គការCCFកាលពីឆ្នាំ២០០៥និងចាប់ផ្តើមចូលរៀន»។

លោក Scott Neeson ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់អង្គការCCFបានមានប្រសាសន៍ថា៖ «ឃើញកុមារដែលធ្លាប់ធ្វើការនៅកន្លែងចាក់សំរាមបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគឺជាពេលវេលាដ៏រំជួលចិត្តមួយសម្រាប់ខ្ញុំ។ ឥឡូវនេះពួកយើងបានមកដល់ចុងបញ្ចប់នៃរង្វង់ជីវិតរបស់ពួកគេហើយ។វាពិបាកនឹងពិពណ៌នាណាស់ថាតើពួកគេនឹងអង្គការCCFបានឈានមកដល់ចំណុចនេះដោយរបៀបណា។ពួកយើងសុទ្ធមានមោទនភាពចំពោះពួកគេម្នាក់ៗជាខ្លាំង»។

លោកបានបន្ថែមថា៖ខ្ញុំបានមកកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ២០០៤ហើយបានទៅកន្លែងចាក់សំរាមនៅតំបន់ស្ទឹងមានជ័យហើយបានឃើញស្ថានភាពដ៏គួរឱ្យរន្ធត់កុមារទាំងនេះមិនមានអាហារញុំាគ្រប់គ្រាន់ មិនមានឪពុកម្តាយ ហើយរស់នៅលើគំនរសំរាម។គិតដល់កាលនោះ ខ្ញុំគ្រាន់តែចង់ធ្វើយ៉ាងណា នាំកុមារទាំងនោះ ចាកចេញពីកន្លែងដ៏អាក្រក់នោះ ហើយឱ្យពួកគេបានចូលសាលារៀនតែប៉ុណ្ណោះ ខ្ញុំពិតជាមិនធ្លាប់សុបិន្តទាល់តែសោះថាពួកគេនឹងមកដល់ទីនេះដោយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យច្រើនយ៉ាងនេះ។

លោកបានបន្តថាភាគច្រើននៃសិស្សទាំងនោះបច្ចុប្បន្ននេះបានចូលរៀននៅសកលវិទ្យាល័យហើយអ្នកទាំងនេះគឺជាកូនក្មេងដែលចូលមករស់នៅនិងរៀននៅពេលដែលខ្ញុំបានផ្លាស់ទីលំនៅមកប្រទេសកម្ពុជាជាលើកដំបូង។ក្នុងនោះក៏មានក្មេងស្រីដំបូងបង្អស់ដែលខ្ញុំបានយកនាងចេញពីគំនរសំរាមនៅក្នុងដំណើរលើកទីមួយរបស់ខ្ញុំមកកម្ពុជាហើយនាងក៏មានវត្តមាននៅទីនេះផងដែរ។នាងបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
សមិទ្ធផលទាំងនេះមានអត្ថន័យយ៉ាងធំធេងដល់សិស្ស និស្សិតដែលបញ្ចប់ការសិក្សាក្នុងថ្ងៃនេះ និងសិស្សផ្សេងៗទៀតក៏ដូចជាគ្រួសារCCFទាំងមូល។លោកស្កុតបានឱ្យដឹងទៀតថា៖«កត្តាដែលជម្រុញចិត្ដលោក ប្រកបដោយសោមនស្សនោះ គឺការដែលបានឃើញថា សមិទ្ធផលទាំងនេះ មិនត្រឹមតែក្មេងៗ ទេដែលទទួលបាន។

ប៉ុន្តែគឺក្រុមគ្រួសារពួកគាត់ទាំងមូល ដោយពួកគេនឹងនាំគ្រួសារ ចាកចេញពីទីកន្លែងដ៏លំបាកនេះ ហើយសំខាន់ជាងនេះទៅទៀតគឺនៅពេលដែលពួកគេមានកូនចៅពួកគេនឹងមានម្ហូបអាហារគ្រប់គ្រាន់កូនរបស់ពួកគេបានចូលសាលារៀនត្រឹមត្រូវមានកន្លែងសមរម្យរស់នៅហើយគ្រប់អ្នកជំនាន់ក្រោយរបស់ពួកគេ ក៏នឹងមានជីវិតល្អប្រសើរខ្លាំងជាងនេះផងដែរ។ ទាំងអស់នេះគឺជាសុភមង្គលដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលបានធ្វើកិច្ចការដ៏គួរឱ្យមោទនភាពខ្លាំងណាស់» ។

អង្គការCCFត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ធ្វើការក្នុងសហគមន៍ដែលនៅក្បែរអតីតកន្លែងចាក់សំរាមក្នុងរាជាធានីភ្នំពេញ ជាកន្លែងដែលកុមារជាច្រើន និងគ្រួសាររបស់ពួកគេធ្លាប់ធ្វើការ និងរស់នៅ។ មានកុមារប្រមាណ ២០០០ នាក់កំពុងស្ថិតក្នុងកម្មវិធីរបស់អង្គការនេះ។ ទោះបីជាកន្លែងចាក់សំរាមត្រូវបានបិទកាលពីឆ្នាំ ២០០៩ ក៏ពិតមែន ក៏តម្រូវការនៃសេវារបស់អង្គការ CCFនៅតែខ្ពស់ដដែល។អង្គការCambodianChildren’sFundបានផ្លាស់ប្តូរកុមារក្រីក្របំផុតក្នុងប្រទេសឱ្យទៅជាអ្នកដឹកនាំទៅអនាគតតាមរយៈការផ្តល់ការអប់រំការឧបត្ថម្ភដល់គ្រួសារនិងកម្មវិធីអភិវឌ្ឍសហគមន៍ទៅដល់សហគមន៍ដែលក្រីក្របំផុតនៅក្នុងបេះដូងនៃប្រទេសកម្ពុជា។

អង្គការCCFជឿជាក់ថាដោយមានការអប់រំនិងការគាំទ្រដែលត្រឹមត្រូវកុមារម្នាក់មានសក្តានុពលលើកស្ទួយគ្រួសារទាំងមូលរបស់ខ្លួនឱ្យចាកចេញពីភាពក្រីក្រ និងហើយកុមារមួយជំនាន់ដែលមានការអប់រំ មានអានុភាពអាចកែប្រែសង្គមទាំងមូលបាន៕
