ភ្នំពេញ៖ កូនខ្មែរនាយុគសតវត្សរ៍ទី២១នេះ ភាគច្រើនគឺមិនសូវដឹងស្គាល់យ៉ាងទូលំទូលាយ ពាក់ព័ន្ធទៅនឹងប្រវត្តិ និងសែស្រឡាយរបស់ព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ននេះឡើយ។
យ៉ាងណាមិញនេះ ថ្ងៃនេះយើងក៏សូមលើកយកមកនូវប្រវត្តិខ្លះៗ ក៏ដូចជាស្នាដៃមួយចំនួនរបស់ ព្រះបុត្រីមួយអង្គរបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នោះគឺ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ។

គួរឲ្យដឹងថាសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់ត្រូវបានគេចាត់ទុកថា ជាតួឯករបាំអប្សរាដំបូងគេបង្អស់របស់ខ្មែរ និងជាបុគ្គលមួយរូប ដែលបានជួយឲ្យរបាំអប្សរា មានភាពល្បីល្បាញលើឆាកអន្តរជាតិ និងថែរក្សាបានគង់វង្សរហូតមកដល់ បច្ចុប្បន្ននេះផងដែរ។

មិនតែប៉ុណ្ណោះ ទ្រង់ក៏ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារថា ទេពនាថវដ្តីឯក និងជាមរតកមនុស្សរស់របស់កម្ពុជាថែមទៀតផង។

ជាការពិតណាស់ ដោយសារតែ មានជាប់សែស្រឡាយសាច់សាលោហិតសិល្បៈ និងមានទេពកោសល្យ តាំងពីកំណើតទៀតនោះ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់បានចូលហាត់របាំ តាំងពីមានព្រះជន្ម ៥ វស្សា មកម៉្លេះ។ ទ្រង់បានខិតខំព្យាយាមហ្វឹកហាត់សមត្ថភាព របស់ទ្រង់កាន់តែបានល្អឥតខ្ចោះ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ក្នុងអំឡុងឆ្នាំ ១៩៦០ គឺនៅសម័យសង្គមរាស្ត្រនិយម កិត្តិសព្ទរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ក៏ត្រូវបានប្រជានុរាស្ត្រខ្មែរស្គាល់ច្រើន ក្នុងនាមជាសិល្បៈការិនីផ្នែករបាំព្រះរាជទ្រព្យ និងទទួលបានគោរមងារដូចខាងលើផងដែរ។




