កូនកុំបារម្មណ៍អី ម្តាយចេះចាត់ចែងហើយ (មិនទើសទេ តែស្តាប់ហើយអួលដើមករ)

[….] គ្រប់អ្នកធ្វើតំណើរតាមរថយន្តឈ្នួល រថយន្តផ្ទាល់ខ្លួន ទៅខេត្តក្រចេះពួកគេតែងតែឈប់សំចត សំរាកយកកំលាំង និងទទួលទានអាហារថ្ងៃត្រង់នៅតាមហាងនានាតាមចំណូលចិត្ត ចៃដន្យថ្ងៃនោះដែរខ្ញុំក៏បានធ្វើតំណើរតាមរថយន្តតាក់ស៊ីឆ្លងកាត់នោះផងដែរ ហើយបានស្វែងរកទិញនំចំណី​ ផ្លែឈើ ពងមាន់ពងទា ចង្រិត តាមដែលគិតថាឆ្ងាញ់…! រំពេញនោះខ្ញុំបានភ្ញាក់ព្រឺតជាមួយនិងសំលេង កូនកូនជួយទិញរបស់មីងផង មីងលក់មិនដាច់ទេ បើយ៉ាងនេះមីងគ្មានប្រាក់សំរាប់ផ្ញើរអោយកូនមីងទេ ព្រោះជិតដល់ថ្ងៃសាលាមានកម្មវិធីផង។
ខ្ញុំក៏បានតបថា កម្មវិធីអ្វីទៅមីង ហើយតំរូវអោយប្រើប្រាស់ប្រាក់ច្រើនប៉ុណ្ណាទៅ? ខ្ញុំឃើញមីងស្វះស្វែងណាស់ (ខ្ញុំនិយាយបណ្តើរ រើសពងទាបណ្តើរ បានចំនួន១០គ្រាប់ រួចបានហុចប្រាក់៥០០០៛ ជូនគាត់) គាត់ញញឹមហើយឆ្លើយថា មីងសន្សំផ្ញើរអោយកូនរៀននៅភ្នំពេញ មីងជាស្រី្តម៉េម៉ាយ ហើយគ្មានស្រែចំការធ្វើដូចគេទេ មីងស៊ីឈ្នូលធ្វើការគ្រប់បែបយ៉ាង និងលក់ដូរតិចតួចមិនគ្រប់និងអោយកូនរៀនទេក្មួយ ហើយខែនេះកូនប្រាប់ថាត្រូវការបន្ថែម ២០០,០០០ រៀលទៀតព្រោះសាលាមានកម្មវិធី។ គ្រាន់តែស្តាប់គាត់ចប់ ទឹកភ្នែកខ្ញុំហាក់ដក់ជាប់និងកែវភ្នែកខ្ញុំទៅហើយ ព្រោះខ្ញុំនឹកដល់ពាក្យថា ថ្ងៃបុណ្យណូអែល ថ្ងៃទិញកាដូ ថ្ងៃនៃក្តីស្រលាញ់ គិតៗខ្ញុំអាណិតគាត់ណាស់ ហើយខ្ញុំក៏មិនបាននិយាយអ្វីច្រើនដែរ បានត្រឹមតែពោលថា ៖ សូមជូនពរមីងអោយលក់ដាច់ មានសុខភាពល្អ រួចក៏ដើរចេញទៅ។

នេះគ្រាន់តែជារូបតំណាង

[…] ថ្ងៃនោះហើយដែលខ្ញុំត្រូវអត់បានថ្ងៃ ខ្ញុំសំលឹងមើលនំចំណីដែលខ្ញុំបានទិញ មិនដាច់តែអារម្មណ៍ហាក់គិតដល់រឿងជាច្រើន រកថាមិនត្រូវ ខ្ញុំគិតដល់រឿងដែលខ្ញុំបានជួបកាលពី ១០ ឆ្នាំមុនដែលស្ត្រីម្នាក់បានដើរលក់នំ តាមទីនានា ដើម្បីយកប្រាក់ផ្ញើរអោយខ្ញុំរៀន ពេលនោះខ្ញុំចាយត្បិតត្បៀតណាស់ ពោលមិនដែលទិញនំចំណី ឬ របស់អ្វីមិនចាំបាច់នោះទេ ហើយមានពេលខ្លះខ្ញុំត្រូវហូបមីជំនួសបាយក៏មាន។ មួយខែ ១៥០,០០០៛ វាមិនច្រើនសំរាប់អ្នកខ្លះ តែវាច្រើនសំរាប់ខ្ញុំ វាមានន័យសំរាប់ខ្ញុំ គ្រប់ពេលដែលគាត់សួរថា កូនសុខសប្បាយទេ កូនមានហូបចុកគ្រប់គ្រាន់ទេ កូនកុំបារម្មណ៍ម្តាយចេះចាត់ចែងហើយ គឺជាពេលដែលខ្ញុំឈឺចាប់បំផុត ហើយតែងតែស្រក់ទឹកភ្នែកគ្រប់ពេល។
អត្ថបទមួយនេះគ្រាន់ជាការរំលឹករឿងពិត និងរឿងដែលខ្ញុំបានជួបផ្ទាល់នៅតាមផ្លូវ និងតាមកន្លែងលក់កាដូរ តុក្កតា នានានៅពេលមានបុណ្យណូអែល ឬបុណ្យផ្សេងដែលមិនមែនជាវប្បធម៍ប្រពៃណីរបស់ខ្មែរយើងនោះទេ តែសំបូរទៅដោយយុវជន យុវនារីកកកុញកុះករ ទិញកាដូរទៅវិញ៕

ដោយ ៖ Sing Ly

ទាំងនេះគ្រាន់តែជារូបតំណាង