
ព្រៃវែង ៖ ពិតជាឈាមស្រែកមែន ករណីឃាតកម្មលើកុមារីអាយុ ៥ឆ្នាំដែលត្រូវបានជនសង្ស័យរំលោភហើយសំលាប់ទាំងកណ្តាលថ្ងៃ ក្នុងចេតីយ៍ និងយកសពបោះចោល ក្នុងស្រះទឹក ត្រូវបានចាប់ខ្លួនហើយក្នុងរយៈពេលតែ១ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យនេះតែម្តង។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។
លោកបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ បានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។ ករណីនេះក៏ជាមេរៀនផងដែរមិនគួរណាមានការសំរបសំរួលក្រៅប្រព័ន្ធច្បាប់នោះទេ ព្រោះករណីនេះជាមេរៀនស្រាប់ដែលជនល្មើសតែងរួចខ្លួនហើយមិនមានការរាងចាលនោះទេ៕




