ខេត្តព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានអោយដឹងនៅព្រឹកនេះថា នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១១:៣០នាទី កម្លាំងការិ.ជំនាញផែនប្រឆាំងបទល្មើស បានទទួលព៌ត៌មានថា: មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពីត្រូវបានបុរសម្នាក់ឲ្យទឹកក្រូចផឹក ហើយកំពុងសំរាកនៅ មន្ទីរពេទ្យបង្អែកខេត្ត ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក) ឈ្មោះ វ៉ាន់ វុត្ថា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នឹង ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មុខរបរធ្វើការនៅក្លឹបបុរស ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦ ចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា ១២ ជាងរំលងអាធ្រាត រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោលក៍ប្រទះឃើញដបពណ៌មាសមួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថាមិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល នឹងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថាជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធសំរាប់ទុកសាកខ្លួនឯង ។
លុះដល់ម៉ោង ០៥:០០នាទី ទាបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ នឹងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែល ជា ៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ នឹងទិញទឹកភេសជ្ជះម៉ាក WURK មួយកំប៉ុង ពេលនោះរូបគេក៏លាយទឹកពណ៌ស្វាយដែលគេរើសបាននោះចូលទៅក្នុងទឹកWURK រួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា ៣ នាក់ដើរមកជិតរូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានអោយពួកក្មេងៗនោះផឹក ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងឃាត់ខ្លួនបណ្តោះអាសន្នបន្តតាមនីតិវិធី ចំណែកក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ ។
ពាក់ព័ន្ធនឹងករណីនេះ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញារងមួយរូប បានឆ្មក់ចូលត្រួតពិនិត្យឆែកឆេរក្លិប បុរស មួយកន្លែងនៅក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកគ្រឿងញៀន ។
ប៉ុន្តែបន្ទាប់ពីត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមបុគ្គលិក និង ភ្ញៀវដែលកំពុងកំសាន្តក្នុងក្លិបគឺមិនបានរកឃើញសារធាតុញៀនទេ ។
ទោះជាយ៉ាងនេះក្ដី សមត្ថកិច្ច ស្នងការដ្ឋាននរបាលខេត្តព្រះសីហនុ នឹងបន្តស្រាវជ្រាវករណីនេះបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ ៕
(សូមទស្សនាវិដេអូខាងក្រោម)












ប្រភព៖Vannak Pheng