Highlander បើកដូចហោះ ផ្ទប់ជាមួយកុងទីន័រស្លាប់ពីរនាក់

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងវេលាម៉ោង ១១យប់ ថ្ងៃទី៣០ មេសា ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១២៥-១២៦ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយបង្កអោយមានមនុស្សពីរនាក់បានស្លាប់ភ្លាមៗ ដោយសារ Highlander ១គ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមវ៉ារថយន្ត១គ្រឿងទៀត ដែលជិះស្របទិសគ្នា តែអកុសលរថយន្តបានបែកកង់ ហើយរថយន្តកុងទីន័រ ២គ្រឿង ដែលបើកបញ្ច្រាស់ទិសគ្នា បានមកដល់ល្មម ក៏បានបុកផ្ទប់រថយន្ត Highlander យ៉ាងពេញទំហឹងលាន់ដូចរន្ទះតែម្តង។

តាមប្រភពរបស់សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ នៅក្នុងហេតុការណ៍នេះ ទី១ឈ្មោះ កែវ ផល្លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី (ជាអ្នកបើកបររថយន្ត ហាយលែនឌឺ) មានទីលំនៅក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងទី២ ឈ្មោះ AN YAN ភេទប្រុស ជនជាតិចិន មានទីលំនៅក្នុងខេត្ត Jiangxi ប្រទេសចិន។


សមត្ថកិច្ចបានបន្តទៀតថា ៖ ជនរងគ្រោះទាំង២នាក់ បានជិះរថយន្តម៉ាក ហាយលែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4503 ចំណែករថយន្តកុងទីន័រពីរគ្រឿងទៀតមានស្លាកលេខ ភ្នំពេញ 3A-0486 ភ្នំពេញ 3B-4172 អ្នកបើកបររត់គេចខ្លួនបាត់ដូចគ្នា និងបើកបរក្នុងទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញដូចគ្នា។

ករណីគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាល្បឿនដែលស្រដៀងគ្នាទៅនិងគ្រោះថ្នាក់ដែលកើតមានឡើងនៅកោះកុងកាលពីកន្លងទៅនេះដែរ។ ក្រោយពីសមត្ថកិច្ចចុះទៅវាស់វែងនៅកន្លែងកើតហេតុរូចមក រថយន្តទាំង៣គ្រឿង បានអូនយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក កំពង់សីលា ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ។

ចំណែកសាកសពជនជាតិខ្មែរ ត្រូវបានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសាកសព ជនជាតិចិន សមត្ថកិច្ចកំពុងទាក់ទង ស្ថានទូតសាម៉ី ដើម្បីទទួលយកសាកសពទៅចាត់ចែងបន្ត៕