(ព្រៃវែង) ៖ ស្ដ្រីវ័យចំណាស់ជាអ្នកដើរ កាប់អុសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅ ជាប់ទំនប់ទឹកប្រាំង ខណៈរូបគាត់កាប់អុសហេវហត់រួចសំរាកស្លាប់តែម្ដង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅចំណុចទំនប់ពោធិបូរី ស្ថិតក្នុងភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីឈ្មោះ យ៉ុង ហ៊ាប បានរាយការណ៍ថាមានមនុស្សស្លាប់ នៅចំណុចខាងលើ។
នគរបាលប៉ុស្តិ៍និងស្រុក បានចុះពិនិត្យភ្លាមៗឃើញថាជនរងគ្រោះដែលស្លាប់ ឈ្មោះ អ៊ួន ស៊ុត ភេទស្រី អាយុ ៦២ឆ្នាំ មានទីលំនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

មូលហេតុ ជនរងគ្រោះបានចេញដំណើរពីផ្ទះនៅវេលាម៉ោង១១ និង ៤០នាទី ទៅកាប់អុសនៅចំណុចខាងលើពេលហេវហត់ បានខ្យល់គរស្លាប់តែម្ដង។
ហើយសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យរួចរាល់សពបានប្រគល់អោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
