កំពត ៖ មន្ត្រីយោធាមួយក្រុម ដែលផឹកស៊ីស្រវឹងចង់បង្ហាញឥទ្ធិពលថា ខ្លួនជាអ្នកខ្លាំងបានទាញកាំភ្លើងវែង-ខ្លី បាញ់អស់៤៨គ្រាប់ នៅចំណុចដីចម្ការស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ត្រូវបានកម្លាំងជំនាញ នៃអាវុធហត្ថខេត្តកំពត ឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមជិត១០នាក់ កាលពីម៉ោង៥ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នេះ ។
ប្រភពពីលោក ហែម ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ នៅចំណុចមុខហាង យីហោ«មីហឺរ ៧កំរិត» ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

លោក បន្តថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួននោះ ជាថៅកែហាង សាខាកំពត «មីហឹរ៧កំរិត» មានឈ្មោះ ឡាយ ពិសិទ្ធិ ហៅទុំ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែល បន្ថែមថា ជនសង្ស័យខាងលើ ជាមុខសញ្ញាម្នាក់ ក្នុងចំណោមមុខសញ្ញាប្រមាណជិត១០នាក់ ដែលបានបាញ់បោះសេរីជិត៥០គ្រាប់នៅស្រុកទឹកឈូ ខេត្តកំពត ។
ប៉ុន្តែនៅព្រឹកថ្ងៃទី៧ ឧសភានេះ ជនសង្ស័យមិនទាន់បានសារភាពពីសកម្មភាពរបស់ខ្លួននោះឡើយទេ ហើយហាក់ដូចជាលាក់បាំងនូវគូកនរបស់ខ្លួនថែមទៀតផង ។
គួររម្លឹកថា មានការភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋ ខណៈមានកម្លាំងយោធាមួយក្រុមមកផឹកស៊ីស្រវឹង បាញ់បោះសេរី កាលពីម៉ោង ៥និង៤៥នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីបាក់ចំការ ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។
ក្នុងនោះដែរ សមត្ថកិច្ចនគរបាលស្រុកទឹកឈូបានបញ្ជាក់ថា មានកម្លាំងយោធាមួយក្រុមប្រមាណ១០នាក់ មធ្យោបាយធ្វើដំណើររថយន្តធុនតូច៤គ្រឿង មកស៊ីផឹកនៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាព បាញ់បោះអានាធិបតេយ្យចំនួន៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ មានការភ្ញាក់ផ្អើល ។ ក្រោយពីបាញ់បោះរួចហើយ ក្រុមយោធាទាំងអស់នោះ ក៏បានចាកចេញពីកន្លែងស៊ីផឹកបាត់អស់ ដោយមិនស្គាល់អត្តសញ្ញាណឡើយ ។ រហូតដល់ម៉ោងជិត៧ល្ងាចថ្ងៃដដែល ទើបមានព័ត៌មានថា ការបាញ់បោះនោះ មានគ្រាប់ទៅត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់នៅកែងជើងខាងឆ្វេង ។ ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំនគរបាលជំនាញថ្នាក់លើ ចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសំបកគ្រាប់ដែលបាញ់នោះ ជាក់ស្តែងចំនួន៤៨គ្រាប់ (ប្រភេទអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡក់ ចំនួន៣៧គ្រាប់) ៕