ជិះម៉ូតូប្រញាប់ពេក ទៅជ្រុលបុករថយន្ត CAMRY កំពុងបត់ ពេញទំហឹង បណ្តាលឲ្យ…..

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត CAMRY បត់ឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនបុកយ៉ាងពេញទំហឹងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុប ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍ CHN ដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក CAMRY បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AJ-4009 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស លុះដល់ស្តុបផ្លូវបែកជាបួន ក៏បានបត់ចូលផ្លូវ៣៦០ ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-9020 ទំនងអកសឺជាមួយរថយន្ត កាច់ចង្កូតចាប់ហ្រ្វាំមិនទាន់ ក៏ជ្រុលទៅបុករថយន្តពេញទំហឹងតែម្ដង បណ្តាលឱ្យបុរស២នាក់រងរបួសស្រាល ចំណែកបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះឯកសុខ លាភ មេត្រី ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រថយន្តនិងម៉ូតូ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕