ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ តទៅសម្រាប់បម្រើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយទម្រង់ថ្មីនេះ មានភ្ជាប់ QR Code ដើម្បីការពារការក្លែងបន្លំ ។ បើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណុចដែលមានការកែប្រែនិងបន្ថែមថ្មីមាន ៖ បន្ថែមQR Code សម្រាប់សាធារណជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេង នៃសន្លឹកវិញ្ញាបនបត្រ។ ត្រូវបានដកចេញនូវពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចៗព្រាលៗនៅលើសន្លឹកវិញ្ញាបនបត្រមុន បន្ថែមលេខរៀងវិញ្ញាបនបត្រី៧ខ្ទង់ទៅ៨ខ្ទង់វិញ៕


