ប្រធានអង្គការយុវជនកិច្ចការសង្គម បានធ្វើអោយសិស្សានុសិស្សនៅជើងភ្នំឱរ៉ាល់​ ពោរពេញដោយស្នាមញញឹម

កំពង់ស្ពឺ៖ ប្រធានអង្គការយុវជនកិច្ចការសង្គម និងជាតារាថ្មីនៅលើវិថីសិល្បៈ ក្នុងការកាន់តំណែងជ័យលាភី The Runner Up កញ្ញា ធី សុវណ្ណថា មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ ចូលចិត្តជួយទុក្ខធុរៈជនក្រីក្រ ហើយនៅមួយរយៈចុងក្រោយនេះ គេបានឃើញនូវសកម្មភាពរបស់កញ្ញា ក្នុងការកសាងផ្លូវជាច្រើនខ្សែរ នៅឃុំត្រើយស្លា ស្រុកស្អាង។ គ្រប់សកម្មភាពទាំងអស់របស់កញ្ញា ធី សុវណ្ណថា បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការពេញចិត្តជាខ្លាំង និងគាំទ្រនូវគោលការណ៍របស់កញ្ញា គ្រប់សកម្មភាពផ្សេងៗ។

ពាក្យចាស់ពោលថា «ធ្វើល្អបានល្អ ឫ អំពើល្អ ពិតមិនសាបសូន្យ» បានធ្វើឱ្យនារីម្នាក់ ក្រោកឈរឡើងតស៊ូក្រោមទង់ជ័យសន្តិភាព ជួយជ្រោមជ្រែងដល់បងប្អូនដែលកំពុងតែជួបកាលំបាកក្នុងជីវៈភាពប្រចាំថ្ងៃ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ កញ្ញា ធីសុវណ្ណថា បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់សិស្សានុសិស្ស នៅក្នុងសាលារៀនមួយកន្លែង ដែលស្ថិតនៅ​ជើងភ្នំឱរ៉ាល់​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

បើប្រភពពីកញ្ញា ធី សុវណ្ណថា បានឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍ចុះអំណោយនោះ គឺជាសម្ភារៈសិក្សា សម្រាប់ចែកជូនសិស្សក្រីក្រ ដែលកំពុងខ្វះខាតថវិកា ក្នុងការទិញសម្ភារៈទាំងនោះ។ អំណោយដែលកញ្ញានាំយកទៅចែកជូនសិស្ស នៅទីនោះរួមមាន សៀវភៅ ប៊ិច ខ្មៅដៃ និងថវិការមួយទៀត សម្រាប់អោយសិស្សបន្តការសិក្សា។ ក្រោយពីការចែកអំណោយរួចមក កញ្ញា ធី សុវណ្ណថា និងក្រុមការងារ សំណេះសំណាលលេង និងសួរសុខទុក្ខ បងប្អូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីសាងភាពស្និទ្ធស្នាលបន្ថែមផងដែរ៕