ក្រុងព្យុងយ៉ាង ៖ នៅថ្ងៃទី១៦ខែឧសភា ២០១៨នេះ កូរ៉េខាងជើងបានប្រកាសលុបចោលជំនួបចរចាកម្រិតខ្ពស់រវាងប្រទេសកូរ៉េទាំងពីរ ដោយសារការធ្វើសមយុទ្ធរួមគ្នា កំពុងត្រូវបានធ្វើឡើងដោយកងទ័ពអាកាសកូរ៉េខាងត្បូងនិងអាមេរិក។

កូរ៉េខាងជើងបានចាត់ទុកសមយុទ្ធរួមគ្នានោះថា គឺជាសកម្មភាពបង្កជម្លោះដ៏ឈ្លើយ និងអាក្រក់មួយ។
ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរ។ កូរ៉េខាងជើង ថា “សហរដ្ឋអាមេរិកគួរតែគិតសាឡើងវិញពីជោគវាសនានៃជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង”។

កូរ៉េខាងជើងបញ្ជាក់ថា “វាមានដែនកំណត់ទៅនឹងទំហំនៃសុច្ឆន្ទៈ និងឱកាស ដែលយើងអាចផ្ដល់ឲ្យបាន”។
សូមបញ្ជាក់ថា តាមការគ្រោងទុក នៅថ្ងៃទី១៦ ខែឧសភា ២០១៨នេះ គណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសកូរ៉េទាំងពីរ នឹងត្រូវជួបពិភក្សាគ្នា នៅតំបន់គ្មានយោធា ពីយន្តការបន្ទាប់ ក្រោយជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jai In និងមេដឹកនាំកូរ៉េខាងជើង Kim Jung Un៕
ប្រភពវីដេអូ ៖ ៣០ដេលី



