បាញ់គ្រាប់ពិត២០០០គ្រាប់ បង្ហាញពីសមត្ថភាព និងជំនាញ នៃកងយោធពលខេមរភូមិន្ទ

ខេត្តកំពតៈ លំហាត់បាញ់គ្រាប់ពិតនេះ បានធ្វើឡើងក្រោមវត្តមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន រួមនឹងអនុព័ន្ធយោធាអន្តរជាតិប្រចាំប្រទេសកម្ពុជា ជាច្រើនរូប ដើម្បីត្រួតពិនិត្យ និងទស្សនាការសម្តែងលំហាត់ហ្វឹកហ្វឺន ក្នុងយុទ្ធនាការវាយបករបស់កងឯកភាពយានយន្តអន្តរាគមន៍។ ហនុមានមាស ២០១៨ បាញ់គ្រាប់ពិត ប្រភេទអាវុធប្រតិកម្ម ចំនួន៨០០គ្រាប់ និងអាវុធអូសសណ្តោង១២២មីលីម៉ែត្រ និង១៥២មីលីម៉ែត្រ ចំនួន១២០០គ្រាប់ទៀត នៅក្នុងភូមិសាស្រ្ត ភូមិត្រពាំវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដោយជោគជ័យ ។

លំហាត់ហនុមានមាស ឆ្នាំ២០១៨ ក្រោមប្រធានបទកងពលតូចអន្តរាគមន៍ថ្មើរជើងយានយន្ត ធ្វើការវាយបកដែលបានធ្វើឡើងនៅក្នុងសមរភូមិសិប្បនិមិត្តមួយកន្លែង ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែឧសភានេះ បានសម្តែងលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ចំនួន២ពាន់គ្រាប់ ក្នុងយុទ្ធនាការវាយបក សំដៅគោលដៅរបស់ខ្មាំងយ៉ាងក្តៅគគុក និងស្វាហាប់របស់យោធិន ដូចនៅក្នុងសមរភូមិពិត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាពជូនប្រជាជន ។

នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បង្ហាញពីគោលបំណង នៃការចាត់តាំងបាញ់គ្រាប់ពិតលើកនេះថា ពិតជាមានអត្ថន័យ និងសារសំខាន់បំផុត ក្នុងការពង្រឹងសមត្ថភាព ជំនាញ កាំភ្លើងប្រតិកម្ម និងកាំភ្លើងធំអូសសណ្តោង ប្រភេទ១២២មីលីម៉ែត្រ និង១៥២មីលីម៉ែត្រ ដែលជាគ្រឿងបំពាន់ធុនធ្ងន់ និងយុទ្ធសាស្រ្តរបស់កងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ លក្ខណៈ បច្ចេកទេស និងសមត្ថភាពយោធិន ស្របតាមយុទ្ធវិធី ក្នុងការអនុវត្ត សហការប្រយុទ្ធ តាមនយោបាយ យុទ្ធសាស្រ្តការពារជាតិ ការពារបូរណភាពទឹកដី ។

សម្តេចឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការបាញ់គ្រាប់ពិតនៅថ្ងៃនេះ ក៏បានបង្ហាញពីទស្សនៈ ការទទួលខុសត្រូវ និងការគោរពបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ ដើម្បីវាយតម្លៃពីសមត្ថភាព និងជំនាញ ក្នុងការប្រើប្រាស់អាវុធប្រតិកម្ម និងអាវុធធុនធំ ដើម្បីត្រៀមសម្រាប់ការពារជាតិ ការពារបូរណភាពទឹកដី។ ជាមួយគ្នានោះ សម្តេចពិជ័យសេនា បានវាយតម្លៃថា ការបាញ់គ្រាប់ពិតលើកនេះ ពិតជាមានភាពល្អប្រសើរជាងលើកមុនៗ ទាំងការបាញ់ និងការរៀបចំគោលដៅគ្រាប់ធ្លាក់ជាដើម ។

សូមបញ្ជាក់ផងដែរថា ភាពជោគជ័យ នៃលំហាត់សហនុមានមាស ឆ្នាំ២០១៨ គឺជាសមិទ្ធផលថ្មីដ៏ធំធេងមួយទៀត ដែលកងយោធពលខេមរភូមិន្ទ សម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងនោះការកែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាកិច្ចការចាំបាច់ ដើម្បីលើកកម្ពស់ ពង្រឹងពង្រីកសមត្ថភាព របស់កងទ័ពក្នុងការបំពេញភារកិច្ចជូនជាតិ៕