ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យមានកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៨ នៅក្បែរផ្សារបេសេ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍កន្លែងកើតហេតុបានឲ្យដឹងថាមុនពេល កើតហេតុគេឃើញរថយន្តកុងតឺន័រ បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវ ៣៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ ក៏រេចង្កូតទៅបុកចូលរោងបុណ្យទាំងកំរោលតែម្ដង បណ្តាលឲ្យរោងបុណ្យ បាក់រលំខ្ទេចអស់ តែសំណាងល្អមិនបង្កឲ្យមនុស្សដែលនៅ ក្នុងរោងបុណ្យ រងរបួសនោះទេ ។ ភ្លាមៗអ្នកបើក បរត្រូវម្ចាស់ រោងបុណ្យ បានឃាត់នៅកន្លែង កើតហេតុផងដែរ ។


បើតាមអ្នកបើកបររថយន្តបង្ក បាននិយាយថា រូបគេបានបើករថយន្តកុងតឺន័រតែម្នាក់ឯង ដោយដឹកស្រូវសាលី មកពីកំពង់ផែស្វ័យតភ្នំពេញ បំណងយកទៅក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយបើកឆ្លងកាត់តាមបណ្តោយផ្លូវ៣៧១ តែដោយសាររូប គេងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុករោងបុណ្យ៧ថ្ងៃ បណ្តាលឲ្យបាក់ខ្ទេចរងការ ខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
អ្នកបើករថយន្តបង្កខាងលើ មានឈ្មោះ សែម វីរៈបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ហើយបានឲ្យតៃកុងរថយន្តបង្កទាក់ ទងទៅក្រុមហ៊ុន មកដោះស្រាយ ដោយករណីនេះមិនបង្កឲ្យខូចខាតដល់ សម្បត្តិរដ្ឋនោះទេតែដោយសារភាគី រថយន្តបង្កគ្មានដំណោះស្រាយ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តនឹងតៃកុងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមក្រោយ៕
(មានវិដេអូ)
ដោយ៖ សុវណ្ណ ដេត