បុរសម្នាក់ លួចដុតសាលាឆាន់លោក ធ្វើឲ្យកូនសិស្សដែលដេកនៅក្បែរសាលាចាន់នោះភ្ញាក់រត់ចែកជើងគ្នា ព្រោះស្មានតែខ្មោចលង…

កំពង់ចាម៖ ចាប់ខ្លួនជនអគតិម្នាក់ លួចដុតសាលាឆាន់មួយខ្នងនៅវត្តក្រូចសើច ឆេះខ្ទេច រួមទាំងសម្ភារៈមួយចំនួនធំ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​២៖១៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៨ ក្នុងវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សាលាឆាន់មួយខ្នង មានទទឹង១០ម៉ែត្រ បណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានជនឥតសាសនាម្នាក់ នេះលួចដុតបណ្ដាលឲ្យឆេះបំផ្លាញសម្ភារៈមួយចំនួនធំ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិ​ភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅជួយ អន្តរាគមន៍បាញ់​ពន្លត់ ដោយរថយន្ត​ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ទើបរលត់ ។​
អគ្គិភ័យនេះ បណ្ដាលឲ្យ​ខូចខាតសម្ភារៈ ដូចជា ទូរដាក់សម្ភារៈធ្វើអំពីឈើ ចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែដេកចំនួន០៥។

ជនល្មើសមានឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មូលហេតុនៃការដុត មិនទាន់ដឹងនៅឡើយ
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហាន់ជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ​និងឃាត់ខ្លួន​ រួច​នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB