ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុនសុជាតា ដែលបង្រៀននៅសាលាបឋមសិក្សាកំប៉ូវ ក្នុងខេត្តបាត់ដំបង ទ្រាំលែងបាន ក៏បានសរសេរសារមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១៤ មិថុនា ២០១៨នេះ ដែលប្រាក់បៀវត្សអ្នកគ្រូមិនត្រូវបានបើកអោយអស់រយៈពេលជាងបីខែមកហើយ ។

អ្នកគ្រូ ញាណ ប៊ុនសុជាតា បង្ហោះសារអោយដឹងថា «និយាយលើកចុងក្រោយសម្រាប់អាជីពជាគ្រូបង្រៀន
ខ្ញុំពោះធំ ជិះម៉ូតូឡើងចុះទៅបង្រៀនរាល់ថ្ងៃ ចំងាយដី ១៣គីឡូ ទៅមក ២៦គីឡូ ចូលបម្រើការងារវិញនៅដើមខែបី គ្រាន់តែរត់ពាក្យសុំប្រាក់បៀវត៍ ឡើងចុះមន្ទីរដើម្បីសុំឲ្យគេចុះហត្ថលេខា គឺមិនតិចជាង ២០ដងទេ គឺទៅមិនដែលជួបប្រធានមន្ទីរ ខ្ញុំរត់ពាក្យសុំតាំងពីដើមខែបី រហូតដល់ខែ៥ បានខ្ញុំបានជួបប្រធានមន្ទីរចុះហត្ថលេខា ។



ចុះរួចលោកប្រធានប្រាប់ថា មិនយូរទេ អាទិត្យក្រោយអ្នកគ្រូទទួលបានប្រាក់ខែហើយ ហើយខាងខ្ញុំនឹងបើកកុងធានាគារជូនអ្នកគ្រូវិញ ។ មួយអាទិត្យហើយមួយអាទិត្យទៀត រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅមិនទាន់ទទួលបានប្រាក់ខែនៅឡើយទេ ហើយប្រាក់ខែនោះ គឺនៅប្រធានគណនីជាអ្នកកាន់ ។
ខ្ញុំមិនចង់និយាយទេ តែគួរតែលោកគ្រូអ្នកគ្រូ ដែលជាអ្នកកាន់លុយនឹងយល់ផងថា គ្នា(ខ្ញុំ) ចូលបម្រើការងារបីខែកន្លងមកហើយ ដោយមិនបានទទួលប្រាក់ខែសម្រាប់ចាយវាយ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនេះ តើគ្នាលំបាកប៉ុន្មាន ? ឯណាលុយចំណាយប្រចាំថ្ងៃសម្រាប់សាំងម៉ូតូទៅបង្រៀន ឯណាលុយសម្រាប់អាហារហូបចុក ? គ្នាសម្បត្តិត្រឹមគ្រូបង្រៀនតើគ្នាមានលុយមកពីណាសម្រាប់ដេកស៊ីទៅ ? រវល់តែជាប់បង្រៀនមានពេលឯណាទៅធ្វើការងារដទៃដើម្បីបានកម្រៃយកមក ?

ខ្ញុំយល់ហើយថាប្រាក់ខែពួកអ្នកគង់តែបើកឲ្យ តែខ្ញុំត្រូវចំណាយពេលចាំប៉ុន្មានខែទៀត ? អ្នកធ្វើការបម្រើរដ្ឋដូចគ្នា អ្នកគួរតែយល់ហើយថា អ្នកការងាររដ្ឋ គឺរស់បានដោយប្រាក់ខែតិចតួចនេះ ចុះបើអ្នកជាខ្ញុំវិញ ដែលខំទៅធ្វើការទាំងពោះធំ ហើយគ្មានប្រាក់ខែ ជិះចុះ ជិះឡើង តើពួកអ្នកគិតម៉េចវិញ ? អ្នកក៏យល់ ក៏ដឹងថាមនុស្សស្រីពោះធំ គឺឃ្លានយ៉ាងម៉េច ? ចុះបើក្នុងកាបូបរកតែលុយចាក់សាំងដើម្បីទៅបំពេញតួនាទីរបស់ខ្លួនគ្មានផង តើមានលុយឯណាសម្រាប់ទិញរបស់ហូបនោះ ? នេះបីខែជាងហើយ មិនមែនបីថ្ងៃទេណាអស់លោក ធ្វើជាអ្នកដឹកនាំគេ ធ្វើជាម៉ែឪគេ គួរតែចេះគិតពីសុខទុក្ខរបស់កូនចៅផង ខ្ញុំអាចរស់បានដោយប្រកបរបបផ្សេង តែដោយសារស្រឡាញ់ការងារមួយនេះ បានចេះតែប្រឹងប្រែងប្តូរបន្តទៅមុខ តែពេលនេះប្រហែលជាខ្ញុំត្រូវបញ្ចប់ការងារនេះហើយ ព្រោះក្រពះវាឃ្លាន» ។


ជុំវិញការលើកឡើងរបស់អ្នកគ្រូ សុជាតា ខាងលើនេះ អង្រុតព័ត៌មាននៅមិនទាន់សុំការបំភ្លឺពីប្រធានមន្ទីរអប់រំខេត្តបាត់ដំបង បាននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ ។
ទោះជាយ៉ាងណា សារដែលអ្នកគ្រូ ញាណ ប៊ុនសុជាតា បានបង្ហោះលើហ្វេសប៊ុក បានប្រមាណជាង១០ម៉ោងប៉ុណ្ណោះ ក៏ត្រូវលុបចោលវិញ ដោយអ្នកគ្រូ បញ្ជាក់ថា «សូមអរគុណដល់បងប្អូនទាំងអស់ សូមអធ្យាស្រ័យផង ពេលនេះខ្ញុំបានលុបនូវអ្វីដែលខ្ញុំបានផុស ពីទុក្ខលំបាករបស់ខ្ញុំ ចោលហើយ ដោយមានការសម្របសម្រួលពីថ្នាក់លើ» ។ បើខ្ញុំមិនផុសពីទុក្ខលំបាករបស់ខ្ញុំ ប្រហែលជាអ្នកធ្វើដេកលក់បាត់ទៅហើយ…. ។


សូមបញ្ជាក់ផងដែរថា អ្នកគ្រូ ញាណ ប៊ុនសុជាតា ក៏ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ត្រូវបានគេលើកសសើរថា អ្នកគ្រូបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនចំពោះសិស្សទូទៅ ជាក់ស្តែងតាមរយៈការផ្ដល់ឱកាសឲ្យក្មេងស្រីម្នាក់ បានចូលរៀនដូចក្មេងដទៃទៀត បន្ទាប់ពីក្មេងស្រីរូបនោះបានអើតតាមបង្អួច លួចមើលសកម្មភាពបង្រៀនរបស់អ្នកគ្រូ អំឡុងឆ្នាំ២០១៦ ៕
ប្រភព៖ Heng Ly