Yugyeom ក្រុម GOT7 ភ្លាត់ស្នៀតដួលបោក​ក្បាល​យ៉ាង​ដំណំ​ពេល​សម្ដែង​លើឆាក​

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​តារា​ចម្រៀង​កូរ៉េ GOT7 បាន​ប្រារព្ធ​ធ្វើ​កម្មវិធី Tour Concert ដែល​មាន​ឈ្មោះ​ថា Eyes On You នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ក្នុង​ខណៈ​ពេល​ដែល​កម្មវិធី​​កំពុង​ដំណើរ​ការ ស្រាប់តែ​មាន​សមាជិក​ម្នាក់​ឈ្មោះ Yugyeom បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​តារា​ចម្រៀង​រូប​នេះ រាំភ្លាត់ស្នៀត ដួលបោក​ក្បាល​មួយ​ទំហឹង នៅ​លើឆាក​ខណៈ​ពេល​កំពុង​រាំម្នាក់​ឯង។ គេ​សន្និដ្ឋាន​ថា​អំឡុង​ពេល​ដួល​នោះ អាច​នឹង​ធ្វើ​ឲ្យ Yugyeom ប៉ះទង្គិច​ក្បាល​យ៉ាង​ខ្លាំង ព្រោះ​ថា​លោក​បាន​ចំណាយ​ពេល ៥ ទៅ ១០វិ​នាទី ទម្រាំអាចងើប​ក្រោកឈរ​រាំ​ម្តង​ទៀត​បាន។ ទោះ​ជា​យ៉ាង​ណាក្តី បន្ទាប់ពី​ធ្វើ​ការសម្តែង​លើឆាក​រួច​មក Yugyeom ដែល​ជា​សមាជិក​ក្មេង​ជាង​គេ​នៅ​ក្នុង​ក្រុម GOT7រូប​នេះ ក៏​បាន​ផ្ញើសារ​សុំទោស​ដល់​អ្នក​គាំទ្រ​របស់​ខ្លូន ផង​ដែរ​ថា៖ “​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​មាន​កំហុស​លើឆាក​បែប​នេះ។ ខ្ញុំ​គ្រាន់​តែ​ចង់​សម្តែង​ឲ្យ​ល្អ​ខ្លាំង​តែ​ប៉ុណ្ណោះ។ សុំទោស​ដែល​ខ្ញុំ​ធ្វើ​វា​មិន​បាន​ល្អ​”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខាង​ផលិត​កម្ម JYP ក៏​បាន​ចេញ​មុខ​បញ្ជាក់​បន្ថែម ដើម្បី​​ឲ្យ​អ្នក​គាំទ្រ​អស់​ក្តី​បារម្ភ​ថា នៅ​ពេល​នេះ Yugyeom មិន​មាន​បញ្ហា​អ្វី​នោះ​ទេ គឺគេអាច​សម្ដែង និង​អាច​ចូល​រួម​ដំណើរ Tour Concert បន្ត​ទៀត​បាន៕