ស្រវឹងស្រាបើករថយន្តដូចហោះ បុករះខ្ទេចគ្មានសល់…(ចុចអានបន្ត)

ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបោះពួយយ៉ាងលឿន ហើយបានរេចង្កូតឡើងសួនចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង​ តែសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃចន្ទ ៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីហាយព្រឺក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6579 ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើកបរទិសដៅពីជើទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឡើងសួន បុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នកបើកបរ មិនរងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែង​ យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕