ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿង បានបើកបុកបង្គោលភ្លើងដែលនៅដាំកណ្តាលទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង តែសំណាងល្អតៃកុងរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
បង្គោលភ្លើងធំៗ ដែលបន្សល់ទុកចោលនៅចំកណ្តាលទ្រូងផ្លូវ ក្រោយការពង្រីកត្រង់តំបន់ផ្លូវណតប្រីត និងផ្លូវលេខ១០១៩ (ខាងមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ឆ្ពោះមកសាលាណតប្រ៊ីត) ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ ត្រូវបានសាធារណៈជនរិះគន់ធ្ងន់ៗ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែស្ថិតនៅចំកណ្ដាលផ្លូវ និងធ្លាប់បានបង្កឱ្យអ្នកដំណើរគ្រោះថ្នាក់រហូតបាត់បង់ជីវិតទៀតផង។ បើយោងតាមឯកសារដែលជ្រុះពីលើរថយន្តនោះ រថយន្តធុនធំសណ្ដោងកន្ទុយកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 3C-7071 ជារបស់ក្រុមហ៊ុនដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd បើកបរដោយឈ្មោះ យ៉ន ភេទប្រុស បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

មុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ដែលសណ្ដោងកន្ទុយកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 3C-7071 បើកបរទិសដៅពីជើងទៅត្បូង តែដោយសារតែស្ថានភាពផ្លូវរៀងងងឹតផង មេឃកំពុងរលឹមភ្លៀងផង និងរថយន្តបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរថយន្តបែកកញ្ចក់ជ្រុះធ្លាក់មកពេញផ្លូវ និងរងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង តែសំណាងល្អតៃកុងរងរបួសបន្តិចបន្តួច ។ ឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវ៉ាស់វែង រួចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយពេលក្រោយ។

សូមបញ្ជាក់ថា មន្ត្រីអាជ្ញាធរអគ្គិសនីសុំមិនបញ្ចេញឈ្មោះមួយរូប បានថ្លែងថា អ្នកបច្ចេកទេសមួយក្រុម បានចុះត្រួតពិនិត្យដល់ទីតាំងកាលពីថ្ងៃទី៣០ ខែមេសា ២០១៨ ដើម្បីឈានទៅធ្វើការអនុវត្ត និងរុះរើបង្គោលភ្លើងនៅដើមខែឧសភា ២០១៨នេះ ខណៈបណ្ដាញអគ្គិសនី ដែលគ្រោងរុះរើនោះ គឺជាបណ្ដាញតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ដូច្នេះអាចរងផលប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។ ទោះយ៉ាងណាអ្នកបច្ចេកទេសកំពុងសិក្សារកប្រភពអគ្គិសនីជំនួសតំបន់ ដែលត្រូវបានកាត់ផ្ដាច់ ព្រោះការរុះរើបង្គោលបានខ្លះនៅខ្លះប៉ុណ្ណោះ។

គាត់ថា «យើងមិនអាចថា មិនមានប្រភពអគ្គិសនីជំនួសនោះទេ ប៉ុន្តែគ្រាន់តែថា ការកំណត់ និងបែងចែកប្រភពជំនួសប៉ុន្មានថ្ងៃខ្ញុំមិនទាន់ទទួលបានរបាយការណ៍នៅឡើយ។ ដូច្នេះជារួមយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាស្ថិរភាពការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋ»។
អគ្គិសនីកម្ពុជានឹងមានការជូនដំណឹងលំអិតបន្ថែមទៀតដល់អតិថិជននៅមុនការកាត់ផ្ដាច់ចរន្តអគ្គិសនី។ កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានរិះគន់ និងថតបង្ហោះរូបបង្គោលភ្លើង ដែលស្ថិតនៅចំកណ្ដាលផ្លូវធ្វើដំណើរ ហើយអ្នកខ្លះបានហៅថា បង្គោលភ្លើងមរណៈជាដើម។ ប៉ុន្តែត្រង់ចំណុចនេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបកស្រាយថា ដើមឡើយបង្គោលភ្លើងនេះគឺស្ថិតនៅគៀនផ្លូវ ប៉ុន្តែដោយសារ មានការពង្រីកផ្លូវបន្ថែម ទើបបង្គោលភ្លើងនេះស្ថិតនៅចំទ្រូងផ្លូវទៅវិញ។

កន្លងមកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនក៏បានសុំទោសដល់អ្នកដំណើរទាំងអស់ចំពោះករណីបង្គោលភ្លើងនេះ ហើយលោក នឹងផ្នែកពាក់ព័ន្ធបានពិភាក្សាគ្នារួចហើយ ដោយសម្រេចថា នឹងដកបង្គោលភ្លើងទាំងអស់នោះចេញចាប់ពីចន្លោះខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ២០១៨។ លោកថា អគ្គិសនីកម្ពុជា ត្រូវបង្កប់ខ្សែភ្លើង នៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន៕