មូលហេតុ​ដែល​ Juventus បាន​លុប​​ចោល​នូវ​​ផែនការ​​នៃ​​ការ​បង្ហាញ​ខ្លួន​​​​ Ronaldo ជា​សាធារណៈ​ត្រូវ​បាន​លាត​ត្រដាង​

ក្រុម​ Juventus បាន​លុប​ចោល​ផែន​ការ​ក្នុង​​​ការ​បង្ហាញ​ខ្លួន​​ជា​សាធារណៈ​របស់​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​​​ ​គឺ​​កីឡាករ​ Cristiano Ronaldo ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​របស់​​ពួក​គេ​។ កីឡាករ​ដែល​ជា​វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​ពី​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid មក​កាន់​ទឹក​ដី​របស់​ក្រុម​ Juventus ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ១០៥ លាន​អឺរ៉ូ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ប៉ុន្តែ​ពេល​នេះ​គាត់​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​នាម​ជា​កីឡាករ​របស់​ Juventus នៅ​ក្នុង​សន្និសីទ​កាសែត​នា​​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថ្មីៗ​ Juventus បាន​ប្រកាស​ថា​​នៅ​កីឡដ្ឋាន​ Allianz របស់​ពួក​គេ​នឹង​​​ប្រារព្ធ​ពិធី​​​ធំ​​​មួយ​ដោយ​​​​រួម​​​​​បញ្ចូល​នូវ​ការ​​សម្ដែង​ភ្លើង​ពណ៌​ ការ​ប្រគុំ​តន្ត្រី​ និង​បាញ់​កាំជ្រួញ​​ផង​ដែរ​ដើម្បី​​ស្វាគមន៍​​​ Ronaldo ម្ចាស់​ពាន​ Ballon D’or ប្រាំ​សម័យ​កាល​​រូប​នេះ​​មក​កាន់​ទីក្រុង​តូរីន​។ ប៉ុន្តែ​ផែន​ការ​របស់​គេ​ត្រូវ​បាន​លុប​ចោល​វិញ​ដោយ​សារ​ការ​ហាត់​​ស៊ាំ​​ជួប​ការ​​លំបាក​​ច្រើន​​ ដូច្នេះ​​​ហើយ​​អ្នក​គាំទ្រ​របស់​ពួក​គេ​ទំនង​ជា​​នឹង​ត្រូវ​បន្ត​​ការ​រង់ចាំ​យូរ​​បន្តិច​ទៀត​​ដើម្បី​​បាន​ឃើញ​ Ronaldo ពាក់​អាវ​ Juventus ក៏​ដូចជា​​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​កីឡាករ​​របស់​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​។ Ronaldo ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​គាត់​​នឹង​ចូល​រួម​ជាមួយ​ Juventus សម្រាប់​យុទ្ធនាការ​ប្រកួត​ត្រៀម​បើក​រដូវកាល​​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​​បុរស​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​​ទំនង​ជា​នឹង​មិន​ចូល​លេង​ទេ​ នៅ​ពេល​​ក្លិប​ថ្មី​របស់​ខ្លួន​ប្រកួត​ជាមួយ​​ក្លិប​ចាស់​ Real Madrid នា​ទីក្រុង​វ៉ាស៊ីងតោន​នៅ​ថ្ងៃ​ទី​ ០៤ សីហា​ ២០១៨ ។

ប្រែ​សម្រួល​ ៖ ភក្ដី