ក្រុមទំនើងជើង​ខ្លាំង២ក្រុម​ បើកឆាកវាយប្រហារកាប់ចាក់គ្នាយ៉ាងសាហាវ ត្រូវប៉ូលិស​ចេញអន្តរាគមន៍ ស្ទាក់ចាប់​បាន៣នាក់..

ភ្នំពេញ៖ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៩និង៤០នាទី​យប់​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ជិត​ផ្សារ “សុ​វណ្ណា” ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ក្មេង​ទំនើង​ពីរ​ក្រុម ប្រដាប់​ដោយ​កាំបិត មួកសុវត្ថិភាព និង​ខ្សែក្រវ៉ាត់ បើកឆាក​ប្រយុទ្ធ​គ្នា បង្ក​ការភ្ញាក់ផ្អើល​ក្នុង​ខណ្ឌចំការមន​ទាំងយប់ ចុងក្រោយ​ត្រូវបាន​សមត្ថកិច្ច ចូលទៅ​ក្របួច បាន​ក្មេង​ទំនើង៣នាក់។


មុនពេល​កើតហេតុ គេ​ឃើញ​ក្មេង​ទំនើង​មួយក្រុម មាន​គ្នា​ជាច្រើន​នាក់ បាន​ឈរ​ស្ទាក់​ចាំ​វាយ​យុវជន​មួយក្រុម​ទៀត ដែល​ធ្វើដំណើរ​ចេញពី​ក្នុង​ហាង​ស៊ុប​មួយកន្លែង បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​រយះ​ដៃ រីឯ​បក្ខពួក​មួយចំនួន​ទៀត បាន​រត់ចោល​អស់។ ភ្លាមៗនោះ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ក៏​ចាប់បាន​យុវជន៣នាក់ រួមទាំង​វត្ថុ​តាំង​មាន ខ្សែ​ក្រវ៉ាត់ មួកសុវត្ថិភាព និង​ម៉ូតូ​ម៉ាក ហុងដា Beat ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1HB.1712 នាំយកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក។

ក្មេង​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង៣នាក់​នោះ ទី១ ឈ្មោះ គារ សុជាតិ ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លើក​បន្លែ នៅ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ចាក់​បេតុង​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី១ខណ្ឌមានជ័យ។ ទី២ ឈ្មោះ ស៊ុន សំណាង ហៅ​លុច ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រក​ដ រស់នៅ​ជិត​ផ្ទះ​ខាងលើ។ ទី៣ ឈ្មោះ ចន្ថា ដា​លុច ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កម្មករ​ស៊ុន​ទ្រី រស់នៅ​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ជិតៗគ្នា​ដូច​អ្នក​ខាងលើ ៕