ពលរដ្ឋខ្មែរនៅប្រទេសថៃ រាប់ពាន់ម៉ឺននាក់​ធ្វើដំណើរមកស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែកនេះ

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្នុងរយៈពេល២ថ្ងៃនេះ តាមរបាយការណ៍ និងតាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរដែលចាក​ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ហាក់មានការកើនឡើងខុសពីពេលសព្វដង។

បើតាមនាយឧត្តមសេនីយ៍ ចំពោះប្រជាពលរដ្ឋ និងពលករខ្មែរដែលធ្វើដំណើរមកកាន់ស្រុកកំណើតនេះ គឺភាគច្រើនដំដៅមកបោះឆ្នោតដែលត្រូវធ្វើឡើងនៅថ្ងៃស្អែកនេះ។ តែយ៉ាងណាក៏ដោយនោះ សម្រាប់ចំនួនពិតប្រាកដដែលប្រជាពលរដ្ឋ និងពលករខ្មែរដែលចេញពីថៃនោះ លោកមិនក្តាប់រួមនោះទេ ដោយខាងអង្គភាពរបស់លោក គ្រប់គ្រងតែតាមច្រកទ្វារអន្តរជាតិតែប៉ុណ្ណោះ ខណៈនៅតាមច្រក របៀងផ្សេងទៀត ជាការទទួលខុសត្រូវរបស់ស្នងការដ្ឋាននគរបាលតាមខេត្តទាំងនោះ។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបង្ហាញថា កាលពីថ្ងៃទី២៧ ខែកក្កដាម្សិលមិញ នៅតាមច្រកទ្វារអន្តរជាតិចំនួន៨ មានពលរដ្ឋខ្មែរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប២០២៦៦នាក់ ក្នុងនោះស្រីមានចំនួន៩៩៤៨នាក់ ខណៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង១២ មានអ្នកធ្វើដំណើរចូលមានចំនួន១៣០៦៤នាក់ ក្នុងនោះស្រី ៦៨៩០នាក់។

នៅឯច្រកទ្វារអន្ដរជាតិដូង ស្រុករវៀង ខេត្ដបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានថ្លែងប្រាប់នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែល​ធ្វើការនៅប្រទេសថៃ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាដែរ ក្នុងរយៈពេល២ថ្ងៃនេះ មានជាង១០០០នាក់ ពោលកាលពីថ្ងៃម្សិលមិញ មានចំនួន៧៧២នាក់ ហើយនៅថ្ងៃនេះ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ មានចំនួន៤០៧នាក់ ដែលនឹងមានមកជាបន្ដបន្ទាប់។

បើតាមលោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ បន្ទាប់ពីការសាកសួរពលករខ្មែរ បានបញ្ជាក់ថា ពួកគាត់ភាគច្រើនមកប្រទេសកម្ពុជា គឺដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ក៏ដូចជាការជួបជុំក្រុមគ្រួសារផងដែរ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិប៉ោយប៉ែតក៏បានប្រាប់ឲ្យដឹងដែរថា ប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ ក៏បានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដែលតាមការសាកសួរទៅ គឺភាគច្រើនមកដើម្បីចូលរួមការបោះឆ្នោតដែរ។

លោកឧត្តមសេនីយ៍ត្រី សឹម សំអាត បានគូសបញ្ជាក់ថា ដោយនៅថ្ងៃម្សិលមិញ មានចំនួនជាង២ពាន់នាក់ហើយថ្ងៃនេះគិតត្រឹមវេលាម៉ោង១រសៀលមានចំនួនជាង៨០០នាក់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ មានគណបក្សនយោបាយចំនួន២០ ដែលចូលរួមប្រកួតប្រជែង៕​

ប្រភព៖ FB