ម្ចាស់មិនស្រវឹងតែរថយន្តអ្នកស្រវឹង.! រថយន្ដកូរ៉េមួយគ្រឿង បើកលឿនបែកកង់ផូង ក្រឡាប់ភីង ចាក់ស្រាបៀររាយពេញផ្លូវ…

ខេត្តឧត្ដរមានជ័យ៖ រថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរកម្ពុជានៅខេត្តឧត្ដរមានជ័យ បានក្រឡាប់ដេក​នៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរ​ពាសពេញផ្លូវ​ ខណៈដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែង ទៅចែកចាយនៅតាមដេប៉ូក្នុងខេត្ដ ។

ហេតុការណ៍នេះបានកើតឡើងនៅវេម៉ោង​២ និង២០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែតលេខ៨៧ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រាល​ក្រុងសំរោងខេត្តឧត្ដរមានជ័យ ។
អ្នកបើកបរឈ្មោះ ពើត ពាន់​ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិទួល​គ្រួស ឃុំអន្លង់វែង ស្រុកអន្លង់វែងបើកបររថយន្ដដឹកស្រាបៀរ​កម្ពុជាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0103 ដោយរួមដំណើរមានគ្នាចំនួន៣នាក់ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសទេ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលមកពីមូលហេតុបែកកង់ក្រោយខាងឆ្វេង​ ទើបបណ្ដាលឲ្យរថយន្ដដែលកំពុងតែផ្ទុកស្រាបៀរធ្ងន់ផងនោះទប់លំនឹងមិនបាន​ក៏ក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវតែម្ដង ដោយមិនមានបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ​ ធ្វើដំណើរនៅតាមដងផ្លូវ ឬអ្នកនៅក្នុងរថយន្ដនោះឡើយ ។

ក្រោយសមត្ថកិច្ចចុះមកត្រួតពិនិត្យរួច ក៏បានប្រគល់ឲ្យម្ចាស់រថយន្ដវិញ ដើម្បីយកទៅជួសជុល ៕

ប្រភព៖ FB