ចោរដាវសាំម៉ូរ៉ៃ កាប់ប្លន់ម៉ូតូបានសំរេច តែត្រូវសមត្ថកិច្ចពួនស្ទាក់ចាប់បានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន..

ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ០៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្សពួក០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពប្រដាប់ដោយដាវ កាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GS-7276 នៅចំណុចភូមិផ្សារគុម្ភឫស្សី ឃុំតាំងដូង ស្រុកបាទី ។

ជនរងគ្រោះមានឈ្មោះ រ៉េត គឹមជៀម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានជិះម៉ូតូគេចខ្លួនបាត់ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ាន់ សារី និងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ដោយបានសហការជាមួយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកបាទីធ្វើការចេញល្បាត និងពួនស្ទាក់គ្រប់ច្រកល្ហក លុះដល់ចំណុចភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ទើបជួបនឹងជនសង្ស័យខាងលើ ហើយជនសង្ស័យទាំង២នាក់ បានផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លក ឃុំជង្រុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូដែលជនង្ស័យប្លន់ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ។

ប្រភព៖ FB