ក្រុមហ៊ុន Volkswagen បានចំណាយជាង ៧,៤ ពាន់លានដុល្លារ ដើម្បីទិញយកមកវិញនូវរថយន្តម៉ាស៊ូតប្រហែល ៣៥០ ០០០ គ្រឿងនៅសហរដ្ឋអាមេរិក។ នេះបើតាមការបង្ហាញតាមរយៈឯកសារតុលាការកាលពីថ្មីៗនេះ។

ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះមានឃ្លាំងចំណត ៣៧ កន្លែងនៅជុំវិញសហរដ្ឋអាមេរិក ដែលប្រើសម្រាប់រក្សាទុករថយន្តរាប់សែនគ្រឿងទាំងនេះ។

អ្នកនាំពាក្យ Volkswagen ឈ្មោះ Jeannine Ginivan បានឲ្យដឹងថា រថយន្តទាំងនេះត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន និងត្រូវបានគេមើលថែទាំងជាទៀតទាត់ ដើម្បីធានាពីអាយុ និងគុណភាព។ ដូចនេះរថយន្តនឹងអាចយកត្រឡប់ចូលទីផ្សារ ឬ នាំចេញ នៅពេលដែលនិយតករសហរដ្ឋអាមេរិកយល់ព្រមនឹងការកែសម្រួលលើកម្រិតបញ្ចេញឧស្ម័នពុលរបស់រថយន្តទាំងនេះ។

សរុបជារួម ក្រុមហ៊ុន Volkswagen បានយល់ព្រមចំណាយជាង ២៥ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ប៉ះប៉ូវដល់ម្ចាស់រថយន្ត, និយតករបរិស្ថាន រួមទាំងអ្នកលក់បន្ត និងយល់ព្រមទិញយកមកវិញនូវរថយន្តម៉ាស៊ូតចំនួន ៥០០ ០០០ គ្រឿងនៅអាមេរិក។ ការទិញយកមកវិញនេះនឹងបន្តដល់ចុងឆ្នាំ ២០១៩។

តាមឯកសារតុលាការបានបង្ហាញថានៅត្រឹមថ្ងៃទី ៣១ ខែធ្នូ ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានទិញយករថយន្តម៉ាស៊ូតបាន ៣៣៥ ០០០ គ្រឿង, លក់ចេញវិញ ១៣ ០០០ គ្រឿង និងកម្ទេចចោលប្រហែល ៨២ ០០០ គ្រឿង។ គិតត្រឹមចុងឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានរក្សាទុករថយន្ត ២៩៤ ០០០ គ្រឿង នៅជុំវិញអាមេរិក។

គួរដឹងថាកាលពីខែមេសា ឆ្នាំ ២០១៧ ក្រុមហ៊ុន Volkswagen ត្រូវបានតុលាការអាមេរិកសម្រេចព្យួរទោសរយៈពេល ៣ ឆ្នាំ ក្រោយពីបានទទួលកំហុសពាក់ព័ន្ធការចោទប្រកាន់ចំនួន៣ ទាក់ទិននឹងការដំឡើងកូដលើរថយន្តម៉ាស៊ូតដែលចេញលក់នៅឆ្នាំ ២០០៩ ដល់ ២០១៥ ដើម្បីអាចឆ្លងផុតការតេស្តលើកម្រិតបញ្ចេញឧស្ម័នពុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕














ប្រភព ៖អូតូបូឌៀ – Autobodia