(ខេត្តក្រចេះ)៖ តាមប្រភពព័ត៌មាននៅស្រុកចិត្របុរី ខេត្តក្រចេះបានឲ្យដឹងថា កាលពីថ្ងៃទី១២ សីហា ២០១៨ ដោយមានកិច្ចសហការពីគណៈបញ្ជាការ ឯកភាពខេត្ត និងមានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះអាជ្ញារង អមសាលាដំបូង ខេត្តក្រចេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដែលបានសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័លើករណីឃាតកម្ម កាលពីថ្ងៃទី០៩ សីហា នោះហើយ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៤នាក់នោះមាន ១ ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង ២ ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ។

និង ៣ ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ហើយនិង៤ ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីបំពេញនីតិវិធីពាក់ពន្ធ័នឹងករណីឃាតកម្មនោះ។ ទោះជាយ៉ាងណាសមត្ថកិច្ច នៅមិនទាន់បាន បញ្ជាក់ពីចម្លើយជនសង្ស័យទាំង៤នាក់នោះនៅឡើយទេ ដូច្នោះពាក់ព័ន្ធករណីឃាតកម្មនោះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែរ ព្រោះសមត្ថកិច្ចកំពុងធ្វើកិច្ចនេះ។

សូមបញ្ជាក់ថា ចន្លោះម៉ោង១១យប់ ទៅម៉ោង២យប់ នៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មានករណីឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារ៤នាក់ឪពុម្តាយ និងកូន។
ហើយសាកសពមនុស្សទាំង៤នាក់បានត្រូវភ្លើងឆេះខ្លោចក្នុងគំនរផេះផង់មើលទៅគួឲ្យសោកសង្រេងជាទីបំផុត៕






ប្រភព៖ FB