ថាអត់ស្រឡាញ់មួយម៉ាត់ទៅ 😍😍 ឡាន​ Lexus RX 350 L កៅអីអង្គុយ​ ៧..

កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ កន្លង​ទៅ​ Lexus បាន​​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​​រថយន្ត​ Lexus RX ស៊េរី​ថ្មី ឈ្មោះ​ថា​ Lexus RX L​ ដែល​មាន​កៅអី​បី​ជួរ​ និង​បាន​បញ្ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​នា​ចុង​ឆ្នាំ។ ខណៈ​នេះ​រថយន្ត​ RX L បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​នាំ​ចូល​របស់​ហាង​​លក់​រថយន្ត​កាលីបៗ Kimsrun Premium Auto។

ជា​​កម្រិត​ស្តង់ដារ​ Lexus RX L ​មាន​កៅអី​អង្គុយ​ចំនួន​ ៧ ហើយ​មាន​មុខងារ​ដូច​ជា​​ប្រព័ន្ធ​បើក​/បត់​កៅអី​ជួរ​ទី​បី​ដោយ​ស្វ័យប្រវត្តិ, គូថ​ក្រោយ​បើក​/បិទ​ដោយ​ស្វ័យប្រវត្តិ និង​មាន​កៅអី​ស្បែក​មាន​រន្ធ​ សម្រាប់​កៅអី​ជួរ​ទី​ ១ និង ទី​ ២។ កៅអី​ជួរ​ក្រោយ​គេ​ថែម​ទាំង​មាន​ប្រព័ន្ធ​​ម៉ាស៊ីន​ត្រជាក់​ដាច់​ដោយ​ឡែក​ពី​គេ​ទៀត​ផង។

Lexus RX L មាន​ជា​ប្រភេទ​ម៉ាស៊ីន​ប្រើ​ប្រេង​សាំង​ RX 350L ចំណុះ​ម៉ាស៊ីន​ ៣,៥ លីត្រ ស៊ីឡាំង​ V6 កម្លាំង​ ២៩០ សេះ​ និង​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ។ ចំពោះ​ប្រភេទ​ម៉ាស៊ីន​ Hybrid RX 450h L មាន​ប្រើ​ម៉ាស៊ីន​ចំណុះ​ ៣,៥ លីត្រ អម​នឹង​ម៉ូទ័រ​អគ្គិសនី​​ចំនួន​ពីរ​ ដែល​មាន​កម្លាំង​សរុប​ ៣០៨ សេះ។ ប្រភេទ​ម៉ាស៊ីន​សាំង​មាន​ទាំង​ជា​ប្រភេទ​ប៉ុង​មួយ​ (Front-Wheel Drive) និង​ប៉ុង​ពីរ (All-Wheel Drive)។

តាម​ការ​ឲ្យ​ដឹង​ពី​​ភ្នាក់ងារ​លក់​រថយន្ត​ប្រចាំ​ហាង​​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Lexus RX L ដែល​កំពុង​ដាក់​លក់​នៅ​កម្ពុជា​ ជា​ប្រភេទ​ម៉ាស៊ីន​ Hybrid (RX 450hL) ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុងពីរ និង​មាន​តម្លៃ​លក់​ប្រហាក់ប្រហែល​ ១៤ ម៉ឺន​ដុល្លារ៕

ប្រភព៖​​ អូតូបូឌៀ – Autobodia