សមត្ថកិច្ច​បង្ក្រាប​ចោរជនជាតិ​ចិនចំនួន ៣ នាក់ ប្លន់​អ្នក​វេរ​លុយ នៅ​ស្រុកពួក…

សៀមរាប​ ៖​ ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិន​ ៣​ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបបង្ក្រាបបាន​ នៅយប់ថ្ងៃទី​ ១៤​ ឈានចូលថ្ងៃទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋខ្មែរនៅស្រុកពួក​ ខេត្តសៀមរាប​ នៅវេលាម៉ោង​ ជាង​ ៧​ យប់ថ្ងៃទី​ ១៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ ។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​ថា ក្នុង​ប្រតិបត្តិការ​តាម​ប្រ​ម៉ា​ញ់​ករណី​រឿង​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​អាវុធ​ខ្លី​) កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​សមត្ថកិច្ច​យើង​តាម​ចាប់​បាន​ទាំង​មនុស្ស និង​រថយន្ត រួច​យក​មក​សួរនាំ​នៅ​អធិការ ។ លោក​បាន​បញ្ជាក់​ថា តាម​ដំណើររឿង​នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ តៅ សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​ម្តាយមីង​) ជា​អ្នក​ចុះ​បើក​ទ្វាររបង​បម្រុង​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ចាប់​វាយ​ក្បាល និង​កាំភ្លើងខ្លី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​យើង​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​ឃើញ​ឡាន​របស់​ជន​រង​គ្រោះ (​ធុន​ខាងលើ​) មាន​បែក​កញ្ចក់​ខាងស្តាំ និង​ឃើញ​មាន​វត្ថុ​តាង​ដូច​ជា គ្រាប់កាំភ្លើង​១​គ្រាប់ , បង់​កាំភ្លើង​១ មាន​៨​គ្រាប់ នៅ​ដី​ជិត​របង​ផ្ទះ​ជន​រង​គ្រោះ និង​ដំបង​ទីប​ដែក​១​មូល​ប្រវែង​៧៩​ស​.​ម នៅ​មាត់​ស្ទឹង​ខាងកើត​កន្លែង​កើតហេតុ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​រួម​ទាំង​ប្រជា​ការពារ និង​អាវុធហត្ថ​ស្រុក​ក៏​បាន​ធ្វើការ​រុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ​បានឃើញ​មាន​គ្រាប់កាំភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក បន្ទាប់​មក​យើង​ឃើញ​មាន​ឡាន​១​គ្រឿង ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៤ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោះ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​ទៀត ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​ឆ្នាំ​២០១៦ ទុក​ចោល ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ចាក់សោ​ឡាន​ជាប់ ហើយ​កម្លាំង​យើង​ក៏​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​សិន ។

លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ឃើញ​រថយន្ត​របស់​ជនសង្ស័យ​រួច​មក យើង​បន្ត​តាម​រក​ជនសង្ស័យ​បន្ត​ទៀត​ដល់​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​រហូត​ម៉ោង​៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ទើប​កម្លាំង​យើង​បាន​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ពួក (​ឈ្មោះ​Le xiaosi ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន បន្ទាប់​មក​ឃាត់​បាន​ម្នាក់​ទៀត ឈ្មោះ Hu Ming chaa ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន និង​ជនសង្ស័យ​ទី​៣ ឃាត់​បាន​នៅ​ក្បែរ​វត្ត​ធម្ម​យុទ្ធ​ឈ្មោះ Lhang yong sheng ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​ដែរ រួច​នាំ​យក​មក​សួរ​នៅ​អធិការ​ស្រុក ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។


បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖​ FB