កំពូលតារាសម្តែងជើងចាស់អម្ពរទេវី មកដល់កម្ពុជាហើយ ដើម្បីបំពេញបំណងផលិតករ និង ទស្សនិកជន

(ភ្នំពេញ) គេឃើញវត្តមាន តារាសម្តែងចាស់វស្សាកម្ពុជា អ្នកស្រី អម្ពរ ទេវី ដោយមានក្រុមគ្រួសារ និងមិត្តភក្តិរង់ចាំទទួលដំណើរវិវត្តន៍ នៅថ្ងៃព្រហស្បតិ៍ ទី១៦ សីហានេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

យោងតាមការបញ្ជាក់របស់លោក ជា ឌីណាង ហៅម៉ាប់ ម្ចាស់ផលិតកម្ម Red Picture co,ltd វត្តមានរបស់អ្នកស្រី អម្ពរ ទេវី មានរយៈពេល តែ ៥០ថ្ងៃ សម្រាប់ការថតប្លង់របស់គាត់ និងឈុតបំពេញមួយចំនួន ក្នុងរឿង ឆន្ទា និងម្ចាស់ក្រោលដំរី តែសាច់រឿង ម្ខាស់ក្រោលដំរី នឹងថតបញ្ចប់ដល់បំណាច់ឆ្នាំ២០១៨ ជាមួយនឹងការគ្រោង បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTN នៅដើមឆ្នាំ ២០១៩។ តែទោះជារយៈពេលខ្លីមែនពិត តែផលិតកម្មរូបនេះ នៅតែពេញចិត្តចំពោះការជ្រើសរើស តារាជើងចាស់ ដែលខកខានសម្តែងរឿងជាយូរឆ្នាំ។

ចំពោះរឿង ម្ចាស់ក្រោលដំរីនេះ អ្នកនាងអម្ពរទេវី នឹងត្រូវសម្តែងជា តួអង្គម្តាយ ដែលបានបាត់កូនប្រុសជាទីស្រលាញ់ ហើយកូនប្រុសនោះត្រូវបាន ជនជាតិខ្មែរលើ មានលំនៅជិតព្រំដែនខ្មែរ ថៃ រើសចិញ្ចឹមជាកូន និងការរស់នៅជាមួយសត្វដំរីព្រៃតាំងពីតូច រហូតក្លាយជា ហ្មដំរីដ៍ជំនាញមួយរូប។

សិល្បះការនីទសវត្សទី៩០រូបនេះ ក៏នឹងត្រូវសម្តែងរួមគ្នាជាមួយនឹង ដៃគូសម្តែងឥតខ្ចោះ គឺ លោក ទេព រិនដារ៉ូ ផងដែរ។ ការប៉ះគ្នាលើកនេះ ធ្វើឲ្យទស្សនិកជន មិនតិចនោះទេ ដែលអន្ទះសារង់ចាំទស្សនា ការសម្ដែងរបស់ តារាជើងចាស់ទាំង២ដួងនេះ ព្រោះស្នាដៃអ្នកទាំង២ ត្រូវបានមហាជន ក្នុងនិងក្រៅប្រទេស ទទួលស្គាល់ពីសមត្ថភាពសម្ដែង យ៉ាងប៉ិនប្រសប់ តាមរយៈរឿងល្បីៗកន្លងមក ដែលធ្វើឲ្យគ្រប់គ្នា មិនអាចបំភ្លេចបាន៕ ប្រភពCNC