បុរស​ម្នាក់ បើករថយន្ត BMW បោះពួយ​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម បង្ក​ការភ្ញាក់ផ្អើល នៅ​ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន KANSIA PAINT តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​និង​ផ្លូវ១០៩ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW 528 I ពណ៌​ស គ្នាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិចទៅ​កើត​បោះពួយ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ស្តាំ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម​ពេញទំហឹង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​រង​ការខូចខាត​តិចតួច ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បន្តដំណើរ​លែងរួច សំណាង​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស។ ម្ចាស់​រថយន្ត​បង្ក​បាន​ឡើង​ជិះ​រថយន្ត​មិត្តភក្តិ​មួយគ្រឿង​ទៀត​ចេញពី​កន្លែងកើតហេតុ​បាត់។

ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕

ប្រភព៖ FB