ពេលវេលាមួយកាលនៅពេលបុណ្យភ្ជុំបិណ្ឌ ស្រណោះណាស់ នៅពេលម៉ែគាត់វេចអន្សម ខ្ញុំតែងតែនឹកដល់រូបគាត់គ្រប់ពេល គិតថាពេលវេលាដើរលឿនមែន ព្រោះថាពេលនេះ គាត់បានទៅឆ្ងាយហើយ ។

អ្វីៗគ្រប់យ៉ាងត្រូវបានហួសពេលអស់ហើយ មានម៉ែមានន័យមែន ដល់ថ្ងៃភ្ជុំបិណ្ឌនឹកអ្នកម្តាយរហូត ។ បុណ្យភ្ជុំជាបុណ្យដែលមានតាំងពីបុរាណមក តកូនតចៅ ខាងក្រោមនេះរាយរាប់ពីបុណ្យភ្ជុំបិណ្ឌ ។




បុណ្យភ្ជុំបិណ្ឌពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក(ពុំដឹងពីពេលណាច្បាស់លាស់)តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយគឺចាប់ពីថៃ្ង ១រោច …ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

ពាក្យថា”ភ្ជុំបិណ្ឌ”មកពីពាក្យ”ភ្ជុំ”រួមគ្នាជាមួយពាក្យ”បិណ្ឌ”ដែលមានន័យថា:ភ្ជុំគឺការប្រមូលផ្តុំឬប្រជុំបិណ្ឌ(មកពីភាសាបាឡី)”ដុំបាយ”ដូចេ្នះយើងអាចសម្គាល់ពាក្យតាមវិធីងាយបានថាគឺជា”ការប្រជុំឬប្រមូលផ្តុំដុំបាយ”(ការពូតដុំបាយជាដុំៗដែលយើងហៅថា”បាយបិណ្ឌ”)។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង៕ ដោយ វុន សុខជា


