ម៉ែមានគុណខ្លាំងណាស់!!! នេះហើយអ្វីៗដើម្បីកូន ម៉ែសុខចិត្តខូចរាងកាយ

ម៉ែត្រេកអរណាស់ ព្រោះម៉ែដឹងថា កូនមកចាប់កំណើត ម៉ែឧស្សាហ៍ស្ទាបពោះ ព្រោះពោះរបស់ម៉ែចេះ តែធំបន្តិចម្ដងៗហើយ។ ទោះបីម៉ែស្គមស្គាំង ដោយមូលហេតុម៉ែចាញ់កូនដល់ថ្នាក់ធុំអាហារ ដែលធ្វើឲ្យម៉ែហូបមិនចូល និង ក្អួតចង្អោរក៏ដោយ ក៏ម៉ែនៅតែញញឹម។ ម៉ែមិនខ្ជឹលច្រអូសទេណា ហើយម៉ែរឹតតែខិតខំរកប្រាក់ដើម្បីទិញរបស់ចាំបាច់សម្រាប់កូននិងថ្លៃឆ្លងទន្លេ។

ម៉ែលះបង់ចំណីអាហារដែលម៉ែចូលចិត្ត ព្រោះតែម៉ែខ្លាចវាប៉ះពាល់ដល់សុខភាពកូន ហើយម៉ែខិតខំហូប អាហារដែលបំប៉នកូន ដែលធ្វើឲ្យម៉ែធាត់រយីករយាករាងកាយ តែទោះបីយ៉ាងនេះក៏ដោយ ក៏គ្មានបញ្ហា។

កូនមើលទៅ ស្នាមសង្វារបែកពាសពេញពោះម៉ែ មើលឃើញអាក្រក់គួរឲ្យខ្ពើមរអើម តែក៏គ្មានបញ្ហា។

កូនដឹងទេថា កូនរើបម្រាស់ ធាក់ពោះម៉ែស្ទើរធ្លាយ ម្ដងៗម៉ែស្ទើរស្រែកយំ តែម៉ែបែរជាត្រេកអរឲ្យ កូនធាក់ តាមចិត្ត ព្រោះម៉ែគិតថា សុខភាពរបស់កូនល្អប្រសើរណាស់!

ម៉ែឈឺពោះស្ទើរតែក្ស័យជីវ៉ា ហើយម៉ែមិនដឹងថា កូនមានកម្លាំងខ្លាំងប៉ុណ្ណាទេ លុះត្រាខណៈ ដែលកូនរើបម្រាស់ចេញពីផ្ទៃម៉ែ… ធ្វើឲ្យម៉ែស្រែកដោយការឈឺចាប់ ឈាមធ្លាក់ទាំងថ្លុកស្ទើរខ្សោះប្រាណ តែនៅតែគ្មានបញ្ហា ។

ម៉ែខិតខំបីបាច់ថែរក្សាកូន ក្រោយពីកូនបានឃើញពន្លឺព្រះអាទិត្យ ហើយម៉ែភ័យណាស់ពេលកូនឈឺម្ដងៗ ម៉ែស្លន់ស្លោយកកូនទៅមន្ទីរពេទ្យ បោះបង់ចោលការងារ លែងខ្វល់ពីប្រាក់ ឲ្យតែកូនបានជា លះបង់ពេលវេលានិងប្រាក់អស់ប៉ុណ្ណាក៏ដោយ… ក៏នៅតែគ្មានបញ្ហា។

ម៉ែបំបៅដោះកូនទាំងយប់ថ្ងៃ ទោះម៉ែងងុយដេក ដោយអស់កម្លាំងក៏ម៉ែឲ្យកូនបៅទាំងអាធ្រាត្រ គឺមិនចាំ ដល់ថ្ងៃស្អែកឡើយ! ម៉ែមិនហ៊ានហូបអាហារឆ្ងាញ់ទេ ព្រោះម៉ែសន្សំប្រាក់សម្រាប់បញ្ជូនកូនទៅសាលារៀន ឲ្យមានចំណេះ មានការងារសមរម្យ មានអនាគត កុំឲ្យល្ងង់ខ្លៅដូចម៉ែ …កុំឲ្យគេមើលងាយដូចម៉ែ ឲ្យសង្គមទទួលស្គាល់! កូនដែលឃើញរូបរាងដ៏គគ្រិចរបស់ម៉ែទេ? កូនដែលឃើញស្នាមសង្វារដ៏ ខ្ពើមរអើមដែលជានិមិត្ត រូបនៃមាតុភាពរបស់ម៉ែទេ?

ប្រហែលជាកូនមិនចង់ឃើញទេ! តែកូននឹងឃើញស្លាកស្នាមនេះនៅលើរាងកាយប្រពន្ធរបស់កូន!

នេះមិនមានអ្វីពិសេសអស្ចារ្យឡើយ ព្រោះវាគ្រាន់តែជាការស្រឡាញ់កូន ដោយប្រាសចាកភាពអាត្មានិយម របស់ម៉ែតែប៉ុណ្ណោះ! ម៉ែតែមួយ របស់កូន៕ ប្រភពBo Tuth