មិនធម្មតាមែន!! មកជ្រាបពីប្រវត្តិ របស់​តារាសម្តែងជើងចាស់​ដ៏ល្បី អ្នកស្រី ឌី សាវ៉េត​

(ភ្នំពេញ)៖ អ្នកស្រី ឌី សាវ៉េត គឺជាតារាសម្តែងជើងចាស់ របស់កម្ពុជាមួយដួង ដែលត្រូវបានទស្សនិកជនគ្រប់ទិសទី ទទួលស្គាល់ថាជាតារាសម្តែង ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ផ្នែកវិស័យសិល្បៈ។ តារាសម្តែងជើងចាស់ ដែលគ្រប់គ្នាដាក់រហស្សនាមថា «បុប្ឆារីកគ្រប់រដូវ» រូបនេះ ត្រូវបានប្រជាជនខ្មែរ ដែលតែងតែគាំទ្រស្នាដៃ សម្តែងរបស់អ្នកស្រី គាំទ្រយ៉ាងខ្លាំង រហូតដល់មានភាពល្បីល្បាយ តាំងពីទសវត្សរ៍ ៦០-៧០ មកម្ល៉េះ។

អ្នកស្រី ឌី សាវ៉េត កើតនៅក្នុងឆ្នាំ ១៩៤៤ នៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះ អ្នកស្រីមានអាយុ៧៤ឆ្នាំ។ រំឭកប្រវត្តិសំខាន់ៗមួយចំនួន ក្នុងវិស័យសិល្បៈ

– អ្នកស្រី ឌីសាវ៉េត ធ្លាប់ជាប់ចំណាត់ថ្នាក់ ជាបវរកញ្ញាលេខ១ ទូទាំងប្រទេសកម្ពុជានៅក្នុង ឆ្នាំ១៩៥៩ ដោយក្នុងនោះ អ្នកស្រី មានអាយុ ១៥ឆ្នាំ
– ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា «ក្បូនជីវិត» គឺជាខ្សែភាពយន្ត ដែលអ្នកស្រី បានចូលសម្តែងជាលើកដំបូង គឺក្នុងឆ្នាំ ១៩៦២
– រយៈពេល ១៣ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ ១៩៦២ រហូតដល់ ឆ្នាំ ១៩៧៥ មានខ្សែភាពយន្តចំនួន ៦៥ ដែលអ្នកស្រី ឌី សាវ៉េត បានចូលរួមសម្តែង ដោយក្នុងនោះ មានរឿងមួយចំនួនធំ ត្រូវបានចាក់បញ្ចាំង និងមួយចំនួនទៀត មិនបានចាក់បញ្ចាំងនោះទេ ដោយសារកាលនោះ ប្រទេសមានសង្រ្គាម និងតម្រូវឲ្យអ្នកស្រី ឌី សាវ៉េត ចេញទៅស្រុកក្រៅមួយរយៈ
– ក្នុងឆ្នាំ ១៩៩៣ អ្នកស្រី បានវិលត្រឡប់ មកមាតុភូមិកំណើត ប្រទេសកម្ពុជាវិញ។
– ក្នុងឆ្នាំ ១៩៩៨ តារាសម្តែងជើងចាស់ អ្នកស្រី ឌី សាវ៉េត ត្រូវបានគេហៅថា អ្នកគ្រូ ដោយអ្នកស្រី បានបើកបង្រៀនសិល្បៈសម្តែង ដោយមិនគិតថ្លៃ។
– អ្នកស្រី ឌី សាវ៉េត ធ្លាប់បានទទួលពានរង្វាន់កិត្តិយសផ្សេងៗ ព្រមទាំងទទួលបានមេដាយ ពីអតីតព្រះមហាក្សត្រ ព្រះករុណា នរោត្តមសីហនុ ព្រះបរមរតនកោដ ផងដែរ។

នៅក្នុងវិស័យសិល្បៈ អ្នកស្រី ឌី សាវ៉េត មិនត្រឹមតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកក្នុងស្រុកនោះទេ គឺអ្នកស្រី ថែមទាំងទទួលស្គាល់ពីប្រិយមិត្ត ក្រៅប្រទេសផងដែរ ពោលគឺ អ្នកស្រី ធ្លាប់បានចេញទៅសម្តែងនៅ ប្រទេសថៃ សឹង្ហបុរី ហុងកុង និងតៃវ៉ាន់។ អ្នកស្រី ឌី សាវ៉េត មកទល់នឹងបច្ចុប្បន្ននេះ នៅតែស្រស់ស្អាត ហើយនៅតែបន្តអាជីព ជាតារាសម្ដែងក្នុងប្រទេសកម្ពុជាដដែល ខណៈតារាជើងចាស់មួយចំនួន បានចាកចេញពីស្រុកកំណើតទៅរស់នៅប្រទេសក្រៅ។

សូមជម្រាបថា បច្ចុប្បន្នអ្នកស្រី ឌី សាវ៉េត កំពុងរស់ក្នុងប្រទេសកម្ពុជា និងជានិច្ចកាល អ្នកស្រីតែបង្ហាញវត្តមាន ក្នុងកម្មវិធីសិល្បៈតូចធំនានា អ្វីដែលពិសេសនោះ គឺវត្តមានរបស់ អ្នកស្រីនៅតែមានទស្សនិកជនគាំទ្រច្រើន និងមានប្រជាប្រិយភាពដដែល៕