សូមប្រយត្ន័!! ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ បើមានជន​ខិល​ខូចហៅអោយបើកធ្វារឡានតាមផ្លូវ ប្រយ័ត្នជួបរឿងស៊យធំ

ជន​ឆ្លៀត​ឱកាស​មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ជា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ​ចូល​រួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ បុណ្យ​ ឬ​ខួប​កំណើត​នោះ​ទេ ​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ ​អ្នក​នឹង​ជួប​រឿង​ស៊យ​មិន​នឹកស្មាន​ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ឬ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល។

នៅ​ពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​នារី​ម្នាក់​ឈ្មោះ Srey Toch Yun បាន​សរសេរ​រៀប​រាប់​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ជន​ខិល​ខូច​មួយ​ចំនួន​មាន​បំណង​ចង់​​លួច​ប្លន់​​ទ្រព្យ​សម្បត្តិ​របស់​យើង។ ក្នុង​សារ​នោះ​នាង​បាន​សរសេរ​រៀប​រាប់​ថា «​ពេល​អ្នក​ចូល​រួម​កម្មវិធី​ផ្សេងៗ​ក្រុម​ខិល​ខូច​នឹង​ធ្វើ​ទៅ​ប្រាប់​ពិធី​ករ​ឲ្យ​ប្រកាស​រក​ម្ចាស់​លេខ​ឡាន ឧទាហរណ៍​ភ្នំ​ពេញ-XXXX ថា​ឡាន​របស់​អ្នក​បាន​ចត​ស្ទះ​ ឬ​ចត​បាំង​ឡាន​របស់​ភ្ញៀវ​ដទៃ។

នៅ​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ជន​ខិល​ខូច​ទាំង​នោះ​នឹង​នៅ​ចាំ​អ្នក ​ដោយ​កាំ​ភ្លើង​នៅ​ចាំ​ភ្ជង់​អ្នក​ ហើយ​ជន​ទាំង​នោះ​នឹង​រុញ​អ្នក​ចូល​ឡាន​ឲ្យ​បើក​ចេញ​ ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្ដង។ បើ​អ្នក​ជួប​រឿង​ទាំង​នេះ​ដោយ​កត្តា​ចៃដន្យ​ អ្នក​ត្រូវ​បង្ការ​ និង​ការពារ​ខ្លួន​ដូច​ខាង​ក្រោម កុំ​ប្រញាប់​ទៅ​ខាង​ក្រៅ​ភ្លាមៗ​តាម​ដែល​ពិធីករ​ប្រកាស​រក កុំ​ទៅ​ម្នាក់​ឯង​ត្រូវ​មាន​គ្នា​ទៅ​ជា​មួយ​យ៉ាង​តិច២​នាក់​ ឬ​ច្រើន​ជាង​នេះ (ពិសេស​អ្នក​ពាក់​គ្រឿង​អលង្ការ​) កុំ​ដើរ​ឆ្ពោះ​ទៅ​កាន់​ឡាន​អ្នក​ភ្លាមៗ ​ត្រូវ​កំណត់​ចម្ងាយ​មើល​ថា ​ឡាន​អ្នក​ពិត​ជា​បាំង ​ឬ​រំខាន​ឡាន​គេ​មែន ​ឬ​អត់?។

មើល​ជុំ​វិញ​ថា​ តើ​មាន​មនុស្ស​គួរ​ឲ្យ​សង្ស័យ​ឈរ​ក្បែរ​ឡាន​របស់​អ្នក​ដែរ​ ឬ​ទេ ត្រូវ​ទុក​ចម្ងាយ​ការពារ​ខ្លួន​និង​រំដោះ​ខ្លួន​ចម្ងាយ​ពី​ឡាន​យ៉ាង​តិច​ ២០​ម៉ែត្រ​ បើ​អ្នក​យល់​ថា​ស្ថាន​ភាព​មិន​ប្រក្រតី​នោះ»។ សារ​ទាំង​នេះ​មិន​មែន​បាន​ន័យ​ថា ​ធ្វើ​ជា​ចលាចល​ដល់​បង​ប្អូន​នោះ​ទេ​ គឺ​មាន​បំណង​ចង់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហេតុការណ៍​ដែល​អ្នក​គិត​ថា ​មិន​សូវ​ជា​ទុក​ចិត្ត។

ក្នុង​រឿង​នេះ​ដែរ​ក៏​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ម្នាក់​ បាន​ប្រាប់​ពី​ហេតុ​ការណ៍​ដែល​ធ្លាប់​កើត​ឡើង​លើ​ខ្លួន​របស់​គាត់​ខណៈ​ពេល​ដែល​គាត់​បើ​បរ​ឡាន​តែ​ម្នាក់​ឯង​នៅ​តាម​ផ្លូវ​ព្រះ​នរោត្ដម​ ហើយ​ស្រាប់​តែ​មាន​មនុស្ស ​២​នាក់​បើក​ម៉ូតូ​មក​ក្បែរ​ឡាន​របស់​គាត់​ ភ្លាម​នោះ​បុរស ២​នាក់​ បាន​ចុះ​ពី​លើ​ម៉ូតូ​ហើយ​ដើរ​មក​សំដៅ​បើក​ទ្វា​រឡាន​របស់​គាត់​ តែ​សំណាង​ល្អ​គាត់​បាន​ចាក់​សោ​ទ្វារ​ឡាន​ជាប់។ បើ​សិន​ជា​គាត់​មិន​បាន​ចាក់​សោ​ទ្វារ​ឡាន​ជាប់​ទេ ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពិសេស​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង៕