ភ្នំពេញ ៖ លោក នី រតនា ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រោមឈ្មោះជាម្ចាស់ពាន Cambodia idol រដូវកាលទី១មិនត្រឹមតែមានសំនៀងពិរោះនោះទេ ថែមទាំងមានរូបរាងសង្ហាដែរ ពិសេសនោះតារាចម្រៀងដើមកំណើតពីខេត្តកំពង់ធំរូបនេះក៏ត្រៀមដឹកដៃគូដណ្តឹងរូបស្រស់សម្រស់គាប់ចូលរោងការនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

ទន្ទឹមនឹងកៀកកិតជិតដល់ថ្ងៃមង្គលនោះគេក៏សង្កេតឃើញថាម្ចាស់បទ «ប្រពន្ធអូនលំបាកហើយ» និងអនាគតភរិយាតែងតែបង្ហោះរូបភាពជាច្រើនដែលបង្ហាញពីក្តីស្រលាញ់របស់ពួកគេទាំងពីរនាក់ទាំងរូប Pre-wedding និងរូបដំណើរកំសាន្តរបស់ពួកគេទាំងពីរនាក់ទៀតផង ជាក់ស្តែងនៅថ្ងៃនេះ លើគណនីលោក នី រតនា ក៏បានបន្ថែមនូវវីដេអូនាឱកាសទៅក្រៅប្រទេសរួមគូដណ្តឹងយ៉ាងផ្អែមល្ហែម ព្រមភ្ជាប់សារខ្លីថា «ពេលវេលាដែលកំពុងតែទន្ទឹងរង់ចាំកាន់តែឈានចូលមកដល់ប៉ុន្មានថ្ងៃនេះហើយ»។

ស្របពេលពាក្យពេចន៍ រួមនឹងសកម្មភាពគួរឲ្យច្រណែននេះបានបណ្តែតឡើងលើបណ្តាញសង្គមដូចនេះបណ្តាអ្នកគាំទ្រដ៏ច្រើនលើសលប់របស់តារាចម្រៀងសំនៀងបាន ញញឹមស្រស់រូបនេះ បានពោលឡើងនូវសម្តីសរសើរ មិនចេះអស់ ព្រមដោយពាក្យជូនពរយ៉ាងហូរហែប្រៀបបានអាចារ្យផងដែរ។



