ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ មករា ២០១៩នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងធ្វើជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដឹកនាំសវនាការកាត់ទោស ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត ពាក់ព័ន្ធសំណុំរឿងឃាតកម្មលើស្ត្រីមេមាយរូបស្រស់ ដែលមានឈ្មោះ ចេវ សុវឌ្ឍនា ។

សូមជម្រាបថា តុលាការបានបិទការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតស្នងការរងខេត្តតាកែវ និងត្រវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ។យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ ។

ចំណែកឯ ជនជាប់ចោទពីរនាក់ទៀត ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ។ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ៕


