ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨ បុរសម្នាក់ដែលមានឈ្មោះ ស៊ីម ជីម ហៅ មាំង អាយុ ៣២ឆ្នាំ ទីលំភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវជាកូនបានមានទំនាស់ពាក្យសំដី ហើយមានការប្រតាយប្រតប់ជាមួយឪពុកយ៉ាងខ្លាំង រហូតដល់បានប្រើកាំប៉ិតផ្គាក់ដេញកាប់ បងថ្លៃ និងឪពុក តែកាប់មិនបាន ស្រាប់តែងាកទៅកាប់ម្តាយបង្កើតខ្លួនឯងស្លាប់ក្នុងថ្លុកឈាមតែម្តង។ ក្នុងករណីហឹង្សាដោយចេតនានេះ ជនល្មើសជាឃាតករបានរត់គេចខ្លួនបានពីរថ្ងៃ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យជាឃាតកឈ្មោះ ស៊ីម ជីប ហៅមាំង ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តកណ្ដាលតែម្តង។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ លោក គឹម រ័ត្មណារិន ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន កូនចិត្តតិរិច្ឆានវាយឪពុក និងបងថ្លៃបណ្ដាលឲ្យរងរបួស។ ចំណែកស្ត្រីជាម្ដាយបានប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ឃាតកម្ម” ដែលប្រព្រឹត្តនៅ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវកំណត់ផ្តន្ទាទោសពី១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ ៕

ប្រភព ៖ កោះសន្តិភាព