មុននឹងចូលកាស៊ីណូមានដឹងអត់ថា ម្ចាស់កាស៊ីណូខ្លាចអ្វីជាងគេ?


តាំងពីបុរាណមក មន្តអាគមន៍មានច្រើនប្រភេទណាស់ ហើយវត្តុស័ក្កសិទ្ធក៏មានច្រើនណាស់ដែរ ជាទូទៅទីកន្លែងផ្សេងៗតែងតែកសាងឡើងតាមក្បួនច្បាប់យ៉ាងត្រឹមត្រូវ មិនមែនចេះតែធ្វើទៅដោយប្រមាថនោះទេ។
មានជំនឿថាបើ កសាងត្រឹមត្រូវតាមក្បួនខ្នាតនោះអ្នកដែលរស់នៅ អ្នកប្រកបការងារ និង អ្នកដែលចូលទៅទីនោះពិតជាមានលាភ មានបារមីខ្ពង់ខ្ពស់ជាក់ជាមិនខាន។ តួរយ៉ាងកាស៊ីណូមួយ មុននិងសាងឡើង គេតែងប្រារព្ធពិធីមួយមានឈ្មោះថា ដាស់អាថាន់ ឬ សាងអាថាន់។ នេះបើតាមលោកគ្រូម្នាក់ដែលមានមន្តអាគន៍ គាថាល្បីល្បាញបំផុត តែគាត់មិនសូវចេញមុខទេហើយ បើអ្នកដែលមានបំណងទៅរកគាត់ ទាល់តែមានឧបនិស្ស័យទើបអាចជួបបាន។ គាត់មានរាងខ្ពស់ស្រឡះ មាឌដំបង សំបុរខ្មៅ សក់ដាញ់ជារូបពស់នាគ។

គាត់តំណាលថា : កាលពីគាត់នៅវ័យជំទង់គាត់ បានទៅឃ្វាលគោនៅតាមជាយព្រៃ ដងអូរក្បែរភ្នំដូចក្មេងៗដ៏ទៃ ថ្ងៃមួយគាត់បានបបួលក្មេងៗ ដែលទៅជាមួយនោះដុតព្រៃដើម្បីយកឃ្មុំ តែដោយសារកំលាំងខ្យល់ ធ្វើអោយព្រៃនោះឆេះយ៉ាងខ្លាំង ហើយធ្វើអោយរូបគាត់ និង ក្មេងៗឯទៀត ភ័យស្លន់ស្លោរត់យករួចខ្លួនតែរៀងៗខ្លួន។ ស្អែកឡើងគាត់ទៅឃ្វាលគោដូចសព្វដង តែគាត់ចំលែកក្នុងចិត្ត គាត់ថាតាមគាត់ចាំបានព្រៃគុម្ពោត នេះឆេះអស់រលីងហើយ ហេតុអ្វីបាននៅត្រង់គល់រាំងភ្នំ ដែលបាក់ងាប់រាបដល់ដីហើយមិនឆេះចឹង? ហើយស្មៅនៅខៀវស្រងាត់ដូចធម្មតា។ មិនបង្អង់យូរកាត់បាន់លែងគោហើយដើរសំដៅទៅមើល !!! និយាយដល់ត្រង់នេះ ខ្ញុំនិងមិត្តភ័ក្រ ព្រឺសំបុរខ្ញាក់ៗ តែម្តងហើយ។ គាត់ថា គាត់បានឃើញចង្កូមមួយគូរ ប៉ុនៗកូនដៃ (គាត់បានលើកបង្ហាញផងដែរ) តែមិត្តនិយាយកាត់ខ្ញុំថា ៖ កូនដៃអ្នកណាធំម្លេះ នេះជិតប៉ុនក៏ដៃខ្ញុំទៅហើយ។គាត់ថា ចៅឯងថាត្រូវហើយ ដោយសារវាដុះ។

ពេលឃើញហើយកាត់បានរើសមកមើល រួចយកទុកក្នុងហោប៉ៅខោ រំពេចនោះស្រាប់តែគាត់មានអារម្មណ៍ក្តៅ និងហាក់ដូចជាមាន សត្វអ្វីម្យ៉ាងនៅក្នុងខោគាត់ចឹង។ គាត់ថាពេលនោះភ័យណាស់ គាត់ដកបោះចោល ហើយរត់ចោលគោ សំដៅមកផ្ទះគាត់ភ្លាម។ដោយសារភាពភ័យពេកគាត់ត្រូវឈឺអស់៣ថ្ងៃ ដោយគ្រុនក្តៅផង រងារញ័រញ៉ាក់ផង និយាយទៅមិនដឹងឈឺអីអោយប្រាកដ។

ក្រោយមកម្តាយគាត់បាននាំគាត់ទៅជួបលោកចៅអធិការ អោយគន់គូរមើល រួចលោកមានសង្ឃដីការថា មិនអីទេរបស់ពីរយ៉ាងដែលមកនៅលើហឹង ក្នុងផ្ទះនោះលេងសើចជាមួយទេ គេពិតជាមាននិស្ស័យនិងកូនញោមណាស់។
ពេលគាត់បានលឺសង្ឃដីកាគាត់នឹកថា ខ្ញុំបានបោះចោលហើយ តើវាមកបានដោយវិធីណា? ចាប់តាំងពីពេលនោះមក គាត់បានព្យាយាមទំនាក់ទំនងដោយផ្ទាល់ ហើយតាំងសមាធិដើម្បីរៀងមន្តអាគមន៍ពីវត្ថុស័ក្កសិទ្ធនោះ។ តាំងពីនោះមកគាត់តែ ធ្វើអំពើល្អ ដោះអំពើរ មើលជំងឺអ្នកស្រុក ដោយមិនយកប្រាក់ជាដើម។ដល់ចំនុចនេះមិត្តខ្ញុំសួរថា តើលោកគ្រូមានទទួលធ្លាប់សិស្សទេ? តាធ្លាប់ទទួលសិស្សពីរនាក់មកហើយ សព្វថ្ងៃនេះម្នាក់បានស្លាប់ហើយ ម្នាក់ទៀតបួសជាសង្ឃនៅវត្តភ្នំដា ឆ្ងាយពីនេះប្រហែល ១០គីឡូម៉ែត្រ។ ចុះហេតុអ្វីបានកូនសិស្សលោកគ្រូស្លាប់? ក្រែងគាត់បានរៀនចេះពីលោកតាមែនទេ? មែនហើយចៅ ដោយសារចេះនឹងហើយបានស្លាប់។

ព្រោះសិស្សម្នាក់នោះមិនស្តាប់បណ្តាំគ្រូ មានចិត្តលោភលន់ ឆ្លៀតពេលដែលគ្រូតាំងសមាធិ បានលួចរៀនបាលីដោយខ្លួនឯង ហើយលួចយកវត្តុស័ក្កសិទ្ធនេះទៅជាប់ខ្លួន រួចគេចខ្លួនបាត់ជាច្រើនឆ្នាំ។ក្រោយមកមានថៅកែម្នាក់បានមកជួបគាត់ ដោយកាត់គន់គូរមើលឃើញថាគាត់អាចបានវត្ថុស័ក្កសិទ្ធនេះមកវិញបានគាត់ក៏ព្រមជួយ។ ដោយលោកគ្រូបានតាំងសមាធិ ប្រមូលមន្តខ្លាំងៗអោយមកសន្ធិត ហើយតាំងជាអាថាន់យ័នចក្រធរណី គ្រងទិសទាំងប្រាំបី និងបាលីមេឃ តាំងនៅលើកំពូលសំរាប់បញ្ចុះធ្វើអគា។ 2ឆ្នាំតំបូងអគានោះប្រើសំរាប់ទិញលក់ត្បូងទេ តែដោយអំណរតមកទីនោះត្រូវបានក្លាយជាកាស៊ីណូសំរាប់ពួកអ្នកមាន។ដោយចិត្តលោភលន់ និងកម្មផលសិស្សគាត់ម្នាក់ នោះបានមកមែន តែដោយសារបារមីដែលបានរៀបចំធ្វើអោយកំលាំងថាមពលមន្តអាគមន៍ដែលបានលួចហាត់រៀន ទាំងប៉ុន្មាន មិនអាចប្រើការកើត។

ហើយសិស្សគាត់ដែលបានបួសរៀននេះហើយដែលជាអ្នកសំលាប់ដោយផ្ទាល់ និងយករបស់នេះជូនតាវិញ។ តាំងពីពេលនោះហើយដែលសិស្សរបស់លោកគ្រូ បានបួសជាសង្ឃ ព្រោះអ្នកដែលគេសំលាប់នោះជាបងប្រុសបង្កើតរបស់ខ្លួន។
ដូចនេះហើយបានជាម្ចាស់កាស៊ីណូនីមួយៗ គេមិនដែលខ្លាចវត្ថុស័ក្កសិទ្ធ ដែលចូលដល់កន្លែងគេនោះទេ​ហើយគ្រូដែលល្បីក៏មិនដែលហ៊ានឈាន ជើងជាន់បរិវេនកាស៊ីណូដែរ ដូចនេះម្ចាស់កាស៊ីណូគេមិនខ្លាចអ្វីទាំងអស់ គឺគេខ្លាចតែម្យ៉ាង ខ្លាចត្រង់ថា មិនមានអ្នកមកលេងនៅកាស៊ីណូ របស់គេតែប៉ុណ្ណោះ៕

 


(នេះជាប្រភេទអត្ថបទបំនិនបែបនិពន្ធ មិនមែនជារឿងពិតនោះទេ)

អត្ថបទដោយ ៖ Sing Ly