ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះករណីរំលោភបានសម្រេចច្រើនដង។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នារីរងគ្រោះមានឈ្មោះ ក.ស.អ អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។ ចំណែកជនសង្ស័យមានឈ្មោះ ហេង ហួត ហៅ ម៉ាំង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្តដឹកអីវ៉ា់ន់រោងចក្រ មានទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ អំឡុង ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច នារីរងគ្រោះ នៅផ្ទះម្តាយក្មេកស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ។ ពេលនោះ ប្អូនស្រីបង្កើតរបស់ជនសង្ស័យ ដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានទូរស័ព្ទហៅនារីរងគ្រោះឲ្យទៅផឹកស៊ីនៅផ្ទះ របស់ជនសង្ស័យ។ ដោយនារីរងគ្រោះបានជិះម៉ូតូទៅជាមួយនិងកូនប្រុសអាយុ ៩ឆ្នាំម្នាក់ ទៅជាមួយ រួចបានផឹកស៊ីមានគ្នាចំនួន៥នាក់ ក្នុងនោះក៏មានប្រពន្ធរបស់ជនសង្ស័យផងដែរ ។ រហូតដល់វេលាម៉ោង៧យប់ ស្ត្រីរងគ្រោះលាសុំទៅផ្ទះមុន តែជនសង្ស័យ និងអ្នកផឹកស៊ីជាមួយគ្នាឃាត់មិនឲ្យទៅ ថែមទាំងបានលួចដក ក្បាលប៊ូស៊ី ម៉ូតូរបស់ស្ត្រីរងគ្រោះលាក់ទុកបាត់។

លុះនៅវេលាម៉ោង៨យប់ ប្អូនស្រីជនសង្ស័យបាន បបួលស្ត្រីរងគ្រោះទៅច្រៀងខារ៉ាអូខេ យីហោរ៉ូមែនទិក ខេធីវី ហ្វាមីលី ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង១និង៣០នាទី ក៏នាំគ្នាត្រលប់មកផ្ទះវិញដោយជនសង្ស័យបានជិះម៉ូតូឌុបស្ត្រីរងគ្រោះ មានសភាពស្រវឹងស្រាខ្លាំង ក៏ឌុបចូលផ្ទះសំណាក់ ម្តុំរង្វង់មូលចោមចៅ ។ មិនបង្អង់យូរគ្រាន់តែចូលដល់ភ្លាមជនសង្ស័យបានប្រើគ្រប់វិធី និងគំរាមនារីរងគ្រោះដើម្បីរំលោភរហូតបានសំរេចនៅពេលនោះទៅ ក្រោយៗមកទៀតគេតែងតែ លួងលោម គំរាមនារីរងគ្រោះបង្ខំរួមភេទជាបន្តបន្ទាប់ចំនួន ៣លើកថែមទៀត ចុងក្រោយជនសង្ស័យបាននិយាយលួងលោម និងគំរាម ស្ត្រីរងគ្រោះឌុបយកទៅដេកនៅផ្ទះសំណាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមភេទបានសម្រេច មួយលើកទៀត។ តែដោយដឹងខ្លួនខុស និងពិបាកគេចផុតពីក្រញាំតណ្ហារបស់បុរសល្មោភកាមនេះបាន ម្យ៉ាងខ្លាចប្តីដឹងផងនោះ ក៏ដាច់ចិត្តប្រាប់ប្តីប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់តែម្តង៕