ឡាន Mercedes-Maybach G 650 ត្រៀម​ហោះ​មក​កម្ពុជា​ តម្លៃ​គួរ​ឲ្យ​ញញើត!​

​តាម​ការ​​បង្ហាញ​របស់ក្រុមហ៊ុននាំ​ចូល​រថយន្ត​លំដាប់​កំពូលៗ​​​ប្រចាំ​ប្រទេស​កម្ពុជា​ឈ្មោះ​​ Sincere Limited Edition បាន​ឲ្យ​ដឹង​ថា​ ឆាប់ៗ​នេះ​រថយន្ត​ផលិត​មាន​កំណត់​ Mercedes-Maybach G 650 Landaulet នឹង​ធ្វើ​មក​ដល់​ប្រទេស​កម្ពុជា ដោយ​ហោះ​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់។

នេះ​ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​ ដោយ​សារ​តែ​រថយន្ត​ G 650 Landaulet ផលិត​ត្រឹម​តែ​ ៩៩ គ្រឿង​ប៉ុណ្ណោះ​នៅ​ក្នុង​លោក​ ហើយ​មួយ​គ្រឿង​ៗ​មាន​​លក្ខណៈ​ពិសេសៗ​ជា​ច្រើន និង​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ទៀត​ផង។ រថយន្ត​ G 650 Landualet នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​កម្មវិធី​ Geneva Motor Show ឆ្នាំ​ ២០១៧ ​ផលិត​ឡើង​ដោយ​ផ្អែក​តាម​​រថយន្ត​ Mercesdes-Benz G-Class។

នៅ​លើ​រថយន្ត​នេះ​ អ្នក​បើកបរ​ និង​អ្នក​រួម​ដំណើរ​ខាង​មុខ​ត្រូវ​ស្ថិត​នៅ​ក្រោម​ដំបូល​ដែល​មាន​បិត​ជិត​ ចំណែក​នៅ​ជួរ​កៅអី​ខាង​ក្រោយ​វិញ​ មាន​បំពាក់​នូវ​ដំបូល​ស្បែក​ទន់​​ដែល​អាច​បិទ ឬ បើក​ដោយ​ការ​​ចុច​ប៊ូតុង។ បន្ថែម​ពី​នេះ​ ក៏​មាន​ប៊ូតុង​ចុច​ដើម្បី​ខណ្ឌ​ចែក​ព្រំដែន​រវាង​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​ខាង​ក្រោយ​ខាង​ផង ដូច​គ្នា​ទៅ​នឹង​​​ត្រកូល Maybach ដទៃ​ទៀត។

​​​ចំណុច​ពិសេសៗ​ដទៃ​ទៀត​រួម​មាន​​កៅអី​ម៉ាស្សា​សម្រាប់​​អ្នក​ដំណើរ​ខាង​ក្រោយ, ប្រហោង​សម្រាប់​ដាក់​កែវ​ដែល​អាច​កំណត់​សីតុណ្ហភាព​បាន​, កៅអី​ក្រោយ​អាច​ទម្រេត​ឲ្យ​ទាប​ដើម្បី​សម្រាក, តុ​ដែល​អាច​បត់​បាន និង អេក្រង់​សម្រាប់​កម្សាន្ត​ទំហំ​ ១០ អ៊ីញ​ចំនួន​ពីរ។

G 650 Landaulet ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ Twin-Turbocharged ស៊ីឡាំង​ ១២ ចំណុះ​ ៦,០ លីត្រ​ អាច​ផលិត​កម្លាំង​បាន​ ៦៣០ សេះ ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៧ វគ្គ លាយ​ជា​មួយ​ប្រអប់​លេខ​ដៃ។

រ​ដឹង​ថា​រថយន្ត​នេះ​បាន​ដាក់​លក់​លើ​ទីផ្សារ​​ប្រទេស​អាល្លឺម៉ង់​ក្នុង​តម្លៃ​ ៦៣០ ០០០ អឺរ៉ូ (ប្រមាណ​ ៧៥៤ ៥០០ ដុល្លារ) គិត​រួម​ទាំង​ពន្ធ។ ត្បិត​ថា​រថយន្ត​នេះ​មាន​ផលិត​ ៩៩ គ្រឿង​ ប៉ុន្តែ​ ១ គ្រឿង​ចុង​ក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​យក​ដាក់​ដេញ​ថ្លៃ​ ដែល​អាច​ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​ដល់​ ១,២ លាន​អឺរ៉ូ (ប្រហែល​ ១,៤ លាន​ដុល្លារ)

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsuped.tv%2Fvideos%2F1345787428819974%2F&show_text=0&width=560

ប្រភព ៖ AutoblogMotor Authority