ស្ពាន​ដែក​បាឡេ​ឆ្លង​ទន្លេសាប​ដំបូង​គេ​បំផុត​នៅ​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ឆ្លង​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ

ស្ពាន​ដែក​បាឡេ​ឆ្លង​ទន្លេសាប​ដំបូង​គេ​បំផុត​នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុងហើយ។ បច្ចុប្បន្ន​ក្រុម​ការងារ​បច្ចេកទេស កំពុង​រៀបចំ​ដំឡើង​ស្លាក​សញ្ញា​ និង​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រម​ទាំង​លាប​គំនូស​ចរាចរណ៍​នៅ​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ជាតិ​លេខ​ ៥ និង​ស្ពាន​ដែក​បេឡេ​ឫស្សី​កែវ។ ស្ពាន​នេះ​នឹង​បើក​ឲ្យ​ឆ្លង​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ។ នេះ​បើ​តាម​សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៨។

ការ​ដាក់​ដំណើរ​ការ​ស្ពាន​ដែក​បាឡេ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​កាត់​តាម​ទន្លេសាប ពី​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ខណ្ឌ​ប្ញស្សី​កែវ និង​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ ​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ដែល​កំពុង​ដំណើរ​ការ​ជួស​ជុល។

ស្ពាន​ដែក​បាឡេ​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៥០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ត​ភ្ជាប់​ពី​ខណ្ឌ​ឫស្សី​កែវ មក​ខណ្ឌ​ជ្រោយ​ចង្វារ។ ​ការ​សាង​សង់ ស្ពាន​ដែក​នេះ ត្រូវ​ចំណាយ​ថវិកា ចំនួន​៩​លាន​ដុល្លារ ប្រើពេល​សាង​សង់​៦​ខែ​៕

ប្រភពវីដេអូ ៖ ៣០ដេលី