រថយន្តឡិចស៊ីស RX-340ល្បឿនលឿន រេចង្កូតហោះធ្លាក់ត្រាំភក់ ក្នុងប្រឡាយ..

ខេត្តកំពតៈ គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ លើកំណាត់ផ្លូវជាតិលេខ៣៣ (កែប-កំពត) ត្រង់ចំណុចភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើត គេឃើញរថយន្តឡិចស៊ីស RX-340 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ​2AA-8767 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បើក​បោះពួយយ៉ាងលឿន ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតសំដៅទៅខាងស្តាំដៃ ហើយក៏ធ្លាក់ចុះទឹកប្រឡាយទាំងកំរោលតែម្តង។

ប្រភពខាងលើ បាន​ឲ្យ​ដឹងទៀតថា បន្ទាប់ពីកើតហេតុ គេឃើញស្ត្រីជាអ្នកបើកបរចេញពីរថយន្ត ដោយពុំមានរងរបួសអី្វទេ រួចគេចខ្លួនបាត់ភ្លាមៗ ។

បច្ចុប្បន្នបងប្អូនម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចចេញពីទឹកប្រឡាយ ដើម្បីយករថយន្តទំនើបនេះទៅជួសជុលវិញហើយ៕

ប្រភព៖ Heng Ly