ភ្នំពេញៈ ក្នុងសិក្ខាសាលាលើកដំបូងមួយនៅខេត្តសៀមរាបលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨នេះ មានជាង៦លាននាក់ ក្នុងនោះមានទេសចរចិន ១.៨លាននាក់។ ក្នុងនោះដែលមានមន្រ្តីទេសចរណ៍មកពីប្រទេស មេគង្គ-ឡានឆាង “កម្ពុជា, ចិន, មីយ៉ាន់ម៉ា, ថៃ, ឡាវ និងវៀតណាម” ចូលរួមពិភាក្សាផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍គ្នាទៅវិញទៅមក នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា តាមការបញ្ជាក់ ពីអង្គការទេសចរណ៍ពិភពលោក ក្នុងចំណោម ទេសចរអន្តរជាតិសរុប មានទេសចរណ៍ចិនប្រមាណ ១០ភាគរយ មានន័យថា ក្នុងចំណោមទេសចរអន្តរជាតិ ១០០នាក់ មានទេសចរចិន១០នាក់។

លោក ថោង ខុន មានប្រសាសន៍ថា “ តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង៦លាននាក់ ក្នុងនោះមានទេសចរចិន ១.៨លាននាក់។ នៅឆ្នាំ២០១៩ ទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក”។
នៅក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ មេគង្គ-ឡានឆាង ក្នុងវិស័យទេសចរណ៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌ អាស៊ាន-ចិន ។

លោកថាក្នុងឆ្នាំ២០១៨នេះ កម្ពុជាក៏ទទួលបានរង្វាន់ពីអាស៊ាន ស្ដីពីសហគមន៍ទេសចរណ៍ចំនួន៣ មានដូចជា សហគមន៍ជីផាត់ (ខេត្តកោះកុង) សហគមន៍កោះទ្រង់ (ខេត្តក្រចេះ) និងសហគមន៍ចំបក់ (ខេត្តកំពង់ស្ពឺ) ។
លោកបន្ដថា កម្ពុជានឹងខិតខំទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន យ៉ាងតិច២លាននាក់ ឬនៅឆ្នាំ២០២០នោះ លោក លី ជី អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអះអាងថា ភ្ញៀវទេសចរចិន ២លាននាក់ ដែលកម្ពុជាចង់បាននេះ នឹងមកដល់កម្ពុជា មុនឆ្នាំ២០២០ ប៉ុន្តែនៅពេលជើងហោះហើរត្រង់កម្ពុជា-ចិន ត្រូវបានបង្កើន ក៏ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីផងនោះ ចំនួនទេសចរចិនមកកម្ពុជានឹងកើនច្រើនជាងនេះ។ 
គួររំឭកផងដែរថា កម្ពុជាមានសហគមន៍ទេសចរណ៍សំខាន់ៗជាង៥០កន្លែង ហើយកំពុងបានអភិវឌ្ឍតាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន និងបទពិសោធន៍ល្អៗ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍។ ដោយឡែក ចំពោះសភាពការទេសចរណ៍ ៣ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៧លាននាក់ កើនឡើង ១៣.៩ភាគរយ ក្នុងនោះមានទេសចរចិនជាង ៥០ម៉ឺននាក់ ដែលឈរលំដាប់លេខ១ កើនឡើងជាង ៨៥ភាគរយ។