ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់មន្រ្តីនគរបាល ទើបបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ គប្បីធ្វើអ្វីស្របតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាចដែលជាកត្តាធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម។
នៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១២ និងប្រកាសតែងតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ប្រមាណជិតប្រាំរយនាក់ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ សម្តេចកក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមជានគរបាលអនុវត្តន៍ច្បាប់ និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើអ្វីៗឲ្យស្របតាមតួនាទីរបស់ខ្លួន និងប្រកបដោយគុណធម៌ខ្ពស់។

សម្តេច ស ខេង មានប្រសាសន៍ថា “ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីឲ្យតាមវិជ្ជាជីវៈរបស់ខ្លួន មិនត្រូវប្រើអំណាចណាមួយធ្វើបាបប្រពលរដ្ឋនោះទេ ហើយជាងនេះទៅទៀតត្រូវតែប្រកាន់នូវសីលធម៌ល្អ ដែលជាកត្តាធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងស្រលាញ់ ហើយត្រូវតែហ៊ានតស៊ួដើម្បីសន្តិសុខដល់ពួកគាត់ និងបុព្វហេតុជាតិមាតុភូមិជាដើម ”។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានស្នើរដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែគោរពឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារនូវសន្តិភាព ការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងត្រូវគោរពដាច់ខាតរាល់បទបញ្ជាថ្នាក់លើដែលបានប្រគល់ជូនហើយនឹងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
សម្ដេចបន្ដទៀតថា “ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីទៅតាមការសច្ចាប្រណិធានរបស់ខ្លួន ហើយត្រូវស្តាប់ជានិច្ចរាល់បទបញ្ជារបស់ថ្នាក់លើ ដែលបានបញ្ជាឲ្យបានគ្រប់ពេលវេលា ហើយនឹងត្រូវតែការពារឲ្យបាននូវសន្តិភាពរបស់ប្រទេសដែលកំពុងមានសព្វថ្ងៃនេះ ”។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានជាថ្មីទៀតដែរថា ប្រសិនបើមន្រ្តីនគរបាលណាដែលធ្វើខុសនឹងវិជ្ជាជីវៈ និងច្បាប់នឹងមិនលើកឡែងឲ្យនោះទេ ពោលគឺនឹងអនុវត្តន៍ទៅតាមច្បាប់ជាធរមានយ៉ាងដូច្នេះដែរ៕