គណៈកម្មការចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះពិនិត្យក្រុមហ៊ុនរ៉ែមាស ដែលសង្ស័យថាបង្ហូរគីមីពុលបណ្ដាលឲ្យមនុស្សស្លាប់១៣នាក់និងពុលរាប់រយនាក់នៅខេត្តក្រចេះ

មណ្ឌលគិរី  គណៈ​កម្ម​ការ​ចម្រុះ​ មាន​ក្រសួងរ៉ែ​​និង​ថាមពល ក្រសួងបរិស្ថាន ​​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​​អាជ្ញាធរ​ខេត្តមណ្ឌល​គិរី ​និង​ប្រជាសហគមន៍​ប្រមាណ​​៣០០​នាក់​ បាន​បើក​ប្រតិបត្តិ​​ការ​ទ្រង់ទ្រាយ​ធំ ចុះទៅ​ពិនិត្យ​និង​ស្រាវ​​ជ្រាវ​នៅ​កន្លែង​ក្រុម​ហ៊ុន​រុក​រក​​រ៉ែ​​មាស​ឈ្មោះ​​​​​ រ៉ុង ឆេង ​ដែល​ស្ថិតនៅជាប់តំបន់​អូរក្លរ ភូមិពូទុង​ ឃុំចុងផ្លាស់​ ស្រុក​កែវ​​​សីមា​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​ឧសភា ២០១៨​នេះ​។

​អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាពមានប្រសាសន៍កាលពីវេលាម៉ោង១១ព្រឹក នេះថា ៖ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាននិងគណៈកម្មការចម្រុះ ដែលកំពុងចុះទៅកន្លែងរ៉ែមាស រ៉ុង ឆេងនោះ ក្នុងគោលបំណងទៅពិនិត្យជាក់ស្ដែង ជុំវិញធនធានរ៉ែ និងការបង្ហូរចោលនូវសារធាតុគីមីបំណុលបរិស្ថាន។ លោកបញ្ជាក់ថា ប្រសិនបើគណៈកម្មការចម្រុះ ពិនិត្យឃើញថាក្រុមហ៊ុនរ៉ែមាស រ៉ុង ឆេង បានប្រើសារធាតុពុលបំផ្លាញបរិស្ថានមែន គឺក្រុមគណៈកម្មការចម្រុះនឹងចាត់វិធានការផ្លូវច្បាប់ទៅតាមភាពជាក់ស្ដែងតែម្ដង។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌល​គិរី​បាន​ឲ្យ​ដឹង​​​​​តាម​ទូរស័ព្ទ​​នៅ​ព្រឹក​​​នេះ​​ថា ​ការ​បិទ​អាជីវ​កម្ម​​​របស់​ក្រុមហ៊ុន និង​សហគមន៍​រុក​រក​រ៉ែ​នោះ​ ​គឺ​មិន​ទាន់​ដឹង​​លទ្ធផល​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​គណៈកម្មការ​ចម្រុះ​ ដែល​ចុះ​ពិនិត្យ​ដល់​ទីតាំង​នោះ​សិន។​ ឯកឧត្ដម​បន្ត​ថា បើ​ក្រុមហ៊ុន ឬ​សហគមន៍​ណា​គ្មាន​ច្បាប់​គឺ​ត្រូវ​បិទ​ជា​ស្ថាពរ តែ​បើ​ក្រុមហ៊ុន​​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ គឺ​​​មាន​ការ​​កំណត់​របស់​​ក្រុមហ៊ុន​។

 ឯកឧត្ដម​បន្ត​ថា ​ចំពោះ​​ការ​រុក​រក​រ៉ែ​មាស​​នោះ​​ជា​លក្ខណៈ​បែប​អនាធិបតេយ្យ​ គឺ​យើង​​​មិន​បាន​ដឹង​​ទី​តាំង​ច្បាស់​លាស់​​​នោះ​ទេ​ ព្រោះ​​ពួក​គេ​លួច​លាក់​ធ្វើ​នៅ​តាម​ព្រៃ តាម​អូរ​ជា​លក្ខណៈ​តូច​ៗ​។​ ឯកឧត្ដម​ស្នើ​ឲ្យ​មាន​​​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​​ទាំង​អស់​ផ្ដល់​ជា​ព័ត៌មាន​ ទើប​​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធ​ភាព​។

 ​​ប្រតិបត្តិការទ្រង់ទ្រាយធំចុះ​ស្រាវជ្រាវកន្លែងរ៉ែមាសនេះ​ធ្វើឡើងបន្ទាប់ពីមានការ​ចោទ​ប្រកាន់​​ថា​ក្រុម​ហ៊ុនរ៉ែ​មាស រ៉ុ​ង ឆេង ​បាន​បង្ហូរ​​សារធាតុ​គីមី ស្យានីដ(CYANIDE) បណ្ដាល​ឱ្យហូរចូល​ទឹក​ព្រែក​ទេរ ធ្វើ​​ឱ្យ​ពលរដ្ឋ​​នៅ​ខេត្ត​ក្រចេះ​និង​មណ្ឌលគីរី​​ចំនួន​១៣នាក់ពុល​​ស្លាប់​​ និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​​សន្លប់​និង​កើត​ជម្ងឺ​​​​