ភ្នំពេញ៖ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យពីរនាក់ ជិះម៉ូតូសង់ស៊េរី២០១៨មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនប្រុសស្រីពីរនាក់ ដែលកំពុងដើរតាមដងផ្លូវ តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចវាយខ្នោះតែម្ដង ហេតុការនេះដែរស្ថិតនៅចំណុចមុខខុនដូ ឌីកាសល៨៣ តាមបណ្តោយផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១ មានឈ្មោះ ទូច ម៉ែងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលារៀនទួលសង្កែ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្តកំពងចាម និងជនសង្ស័យទី២ មានឈ្នោះ ស៊ាង ជាងកាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សនៅវិទ្យាល័យវត្តកោះ រៀនថ្នាក់ទី១១ ស្នាក់នៅម្តុំសាលារៀនបាក់ទូក និងមានស្រុកំណើតនៅខេត្តតាកែវ។


បើតាមសាក្សីនៅជិតនោះបាននិយាយថា នៅមុនកើតហេតុរូបគាត់ ឃើញជនជាតិចិនប្រុសស្រីពីរនាក់ បានដើរចេញពីផ្សារធីខេ ដោយធ្វើដំណើរថ្មើរជើងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8708 ។


បានជិះមកពីក្រោយស្របទិសដៅស្របគ្នា បន្ទាប់មកជនសង្ស័យមិនទាន់សកម្មភាពឆក់កាបូបនោះទេ ដោយពួកគេជិះក្រឡឹងពីរទៅបីជុំ ទើបឃើញឱកាសល្អធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្ត្រីជនជាតិចិនម្នាក់ ក្នុងចំណោមពីរនាក់តែម្ដង តែមិនបានសម្រេច ដោយសារជនរងគ្រោះឃើញទាន់ ក៏បានទាញកាបូបមកវិញ ធ្វើឲ្យកាច់កម៉ូតូជនសង្ស័យដួលប្រកាច់ទៅលើថ្នល់ភ្លាវៗនោះតែម្តង៕
ដោយ៖ សុវណ្ណ ដេត